(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ក្រសួង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប្ដេជ្ញារួមគ្នាពង្រីកមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៅតាមបណ្ដាខេត្ដ ដូចជានៅស្ទឹងត្រែង ស្វាយរៀង ឬខេត្ដកំពត និងស្ទើរនៅទូទាំងប្រទេស ទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅបាន ដើម្បីផ្ដល់ភាពងាយស្រួល និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសរដ្ឋមន្ដ្រី ទទួលជួបសម្ដែងការគួរសម និងជម្រាបលា របស់លោកបណ្ឌិត ឌីឌីយេ ហ្វុងតឺនីយ (Dr Didier FONTENILLE) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការណែនាំខ្លួនរបស់អ្នកស្រីបណ្ឌិត ឡូរ៉ង់ បារីល (Dr. Laurence BARIL)ដែលមកជំនួសលោក Dr Didier FONTENILLE ។ ជំនួបនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នាទីស្ដីការក្រសួងសុខាភិបាល ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងបន្ដថា «កន្លងមកនេះ យើងមានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតតែបីទីតាំងប៉ុណ្ណោះ ដែលមាននៅរាជធានីភ្នំពេញ ខេត្ដបាត់ដំបង និងកំពង់ចាម ដែលធ្វើឱ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋយើង មិនបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ទើបក្រសួងយើង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រីកនូវមជ្ឈមណ្ឌលនេះ ឱ្យមានស្ទើរគ្រប់បណ្ដាលខេត្ដ-ក្រុង ជាមួយនឹងគ្រូពេទ្យឯកទេស»។
លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដទៀតថា «កន្លងមកនេះ យើង និងវិទ្យាស្ថានប៉ាស្ទ័រ បានកិច្ចសហប្រតិបត្ដិការយ៉ាងល្អជាមួយគ្នា លើវិស័យសុខភាពសាធារណៈ ការស្រាវជ្រាវវេជ្ជសាស្ដ្រ ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានសម្រេចបាននូវលទ្ធផលជាទីមោទនៈ ក្នុងការឆ្លើយតបជាមួយនឹងជំងឺឆ្លង ក៏ដូចជាការផ្ដល់នូវកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ ជាមួយបណ្ដាប្រព័ន្ធវិទ្យាស្ថានប៉ាស្ទ័រ និងបារំាង។ បច្ចុប្បន្ននេះ យើងកំពុងបណ្ដុះបណ្ដាលផ្នែកបញ្ញាបត្រជាន់ខ្ពស់ ផ្នែកជំងឺឆ្លង ដែលដឹកនាំគម្រោងស្រាវជ្រាវវិទ្យាសាស្ដ្រ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) សហការជាមួយសកលវិទ្យាល័យសុខាភិបាល និងសាកលវិទ្យាល័យនៅប្រទេសបារាំង»។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានសង្ឃឹមយ៉ាងមុតមាំថា នឹងពង្រីកកិច្ចសហប្រតិបត្ដិការឱ្យកាន់តែប្រសើរបន្ថែមទៀត បន្ទាប់ពីបានរួមគ្នា ក្នុងការឆ្លើយតបទៅបញ្ហាឆ្លងមេរោគអេដស៍ (HIV) គ្រុនចាញ់ របេង និងជំងឺឆ្លងផ្សេងៗទៀត។
ព្រមជាមួយគ្នានោះ រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏ដូចប្រទេសបារាំង ដែលតែងតែបន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា និងកិច្ចសហប្រតិបត្ដិការមួយចំនួនទៀត៕