(ប៉េកាំង)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានអមដំណើរដោយលោកស្រី បាយ វ៉េងលី អគ្គនាយករង នៃរដ្ឋបាលអាកាសចរស៊ីវិលចិន (Civil Aviation Administration of China) ចុះត្រួតពិនិត្យ និងដកស្រង់បទពិសោធន៍ លើដំណើរការសាងសង់អាកាសយានដ្ឋានថ្មី នៃទីក្រុងប៉េកាំង ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិ តាស៊ីង ប៉េកាំង (Beijing Daxing International Airport)។

ដំណើរទស្សនៈកិច្ចដកស្រង់បទពិសោធន៍នេះ ជាផ្នែកមួយរបស់លោកបណ្ឌិតរដ្ឋមន្រ្តី ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់កំពូលរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងរដ្ឋបាលអាកាសចរស៊ីវិលចិន ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើវិស័យអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិតាស៊ីង រាជធានីប៉េកាំង គ្រោងនឹងបើកសម្ពោធនៅចុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាស៤៥លាននាក់ នៅពេលដំណើរការដំបូង និង៧៥លាននាក់នៅឆ្នាំ២០២៥ ខាងមុខនេះ។

ដោយឡែកព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួនពីរ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប លំដាប់ថ្នាក់ 4F(អាចទទួលបានយន្តហោះធំៗគ្រប់ប្រភេទ) និងអភិវឌ្ឍន៍បន្ថែមអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅ នឹងកំណើនអ្នកដំណើរតាមផ្លូវអាកាស នៅកម្ពុជា៕