(ភ្នំពេញ)៖ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបង្កើតកម្ចីមួយប្រភេទ ដែលមិនទាមទារទ្រព្យដាក់ធានា ដោយអតិថិជនអាចខ្ចីបានរហូតដល់ ៦លានរៀល ឬ១,៥០០ដុល្លារអាមេរិក រយៈពេលរហូតដល់ ៣៦ខែ ដើម្បីបម្រើដល់សេចក្ដីរីកចម្រើនរបស់អតិថិជន។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា កម្ចីគ្មានទ្រព្យធានានេះ ផ្ដល់ជូនចំពោះអតិថិជនកម្ចីខ្នាតតូច និងកម្ចីជាក្រុម។ កម្ចីនេះផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំង ព្រោះអតិថិជនមិនចាំបាច់មានទ្រព្យ មកដាក់ធានាឡើយ រីឯអត្រាការប្រាក់សមរម្យ ឯកសារមិនស្មុគស្មាញ និងមានភាពបត់បែនក្នុងការសងត្រឡប់។

លោក សូនី ក៏បានគូសបញ្ជាក់ថា ប្រាសាក់ជាគ្រឹះស្ថានដែលប្រកាន់ខ្ជាប់តាមក្រម ស្ដីពីការផ្ដល់ឥណទានប្រកបដោយក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។ ប្រាសាក់ ជាគ្រឹះស្ថានឯកជន ដែលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា ពិសេសនៅតាមទីជនបទ។

ព្រមជាមួយគ្នានេះដែរ លោក សូនី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំនួសមុខឱ្យគណៈគ្រប់គ្រង និងបុគ្គលិកប្រាសាក់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធដែលបានគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ និងជាពិសេសសូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលបាន និងបន្តការប្រើប្រាស់សេវារបស់ប្រាសាក់ និងសូមជូនពរជ័យដល់អតិថិជនទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តរភាព»។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង ២,៨០០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង ២,៣៧០លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី ៤១០ពាន់នាក់ បណ្តាញការិយាល័យ ១៧៧ទីតាំង មានម៉ាស៉ីនអេធីអឹម១២៩ និងបុគ្គលិកជិត ៨,២០០នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន៤០ នៅតាមបណ្តាខេត្តនានានៅកម្ពុជា។

សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬចូលទៅកាន់៖ www.prasac.com.kh ៕