ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានយាងដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាពដើម្បីពិនិត្យព្រះរាជសុខភាព (Video inside)
26-08-2019 17:11
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ទ្រង់បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាព ដើម្បីពិនិត្យព្រះរាជសុខភាព។
លោក គុយ សុផល អ្នកនាំពាក្យក្រសួងព្រះបរមរាជវាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន របស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងតែធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ។
កាលពីខែមីនា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ មិនខុសពីពេលកន្លងទៅនោះដែរ ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរពីក្នុងប្រទេសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្លាយជាប្រមុខរដ្ឋស្តីទី បំពេញការងារផ្សេងៗជំនួសព្រះមហាក្សត្រ៕