(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី បានប្រកាសថា ខ្លួនបានសងប្រាក់សរុបជិត៣លានដុល្លារអាមេរិក ទៅធនាគារ BIDC រួចរាល់ហើយ។ ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី បានសម្តែងការខកចិត្តផងដែរ ចំពោះធនាគារមួយនេះ ដែលចង់លក់ឡៃឡុងអចលនទ្រព្យរបស់ខ្លួន ដោយចាត់ទុកជាកាយវិការចង់លេបយកទ្រព្យសម្បត្តិរបស់លោកស្រី។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់របស់ក្រុមហ៊ុននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «ក្រុមហ៊ុន កែវ ម៉ាលី គ្រុប បានសងប្រាក់ទៅធនាគារវៀតណាម BIDC ចំនួន ២,៧៧១,៥៣៦.៧៤ដុល្លារ រួមទាំងការប្រាក់គ្រប់ចំនួនអស់ហើយ»

ធនាគារ BIDC របស់វៀតណាម តាមរយៈសាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែសីហា កន្លងទៅនេះ ប្រកាសលក់អចលនទ្រព្យរបស់ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី ចំនួន ២៦បណ្ណ ចំនួនប្រមាណ ៧លាន ២សែនដុល្លារ ដើម្បីរឹបអូសយកប្រាក់ដែលក្រុមហ៊ុននៅជំពាក់ខ្លួន។

ការប្រកាសលក់ឡៃឡុងពីសំណាក់ធនាគារនេះ ក្រុមហ៊ុនបានប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងការលក់ឡៃឡុងរបស់ធនាគារ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ លោកស្រី កែវ ម៉ាលី បានសម្តែងការសោកស្តាយចំពោះវិធានការរបស់ធនាគារ និងចាត់ទុកជាទង្វើជាន់ពន្លិចអតិថិជន។

លោកស្រី បានរៀបរាប់ថា «ក្រុមហ៊ុននីមួយៗតែងតែត្រូវការដើមទុនពង្រីកមុខជំនួញរបស់ខ្លួន ដូច្នេះធនាគារគឺជាដៃគូដ៏សំខាន់។ ដើម្បីផលប្រយោជន៍រៀងៗខ្លួន កន្លងមកធនាគារទាំងអស់នៅកម្ពុជានេះ តែងតែមានការយោគយល់ដល់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនរបស់នាងខ្ញុំមានសុឆន្ទៈ បានបង់ប្រាក់ដើមចំនួន ៧,៨៥០,៧៤៤.៧៣ដុល្លារ និងការប្រាក់អស់ចំនួន ២,៦៨១,១៥០.០៨ដុល្លារ គ្មានគំនិតបោកប្រាស់ទេ។ ហេតុអ្វីបានជាធនាគារវៀតណាម BIDC គ្មានការយោគយល់ ហើយជាន់ពន្លិចអតិថិជនរបស់ខ្លួនទៅវិញ»

លោកស្រី កែវ ម៉ាលី បានចាត់ទុកតាមរយៈការផ្សព្វផ្សាយទម្លាយព័ត៌មានពីការលក់ឡៃឡុងអចលនទ្រព្យរបស់លោកស្រី ដែលពុំទាន់ជាក់លាក់ពិតប្រាកដទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកលោកស្រីយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបំបាក់ស្មារតី ដើម្បីលេបយកដី និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ទាំង២៦បណ្ណពីតម្លៃខ្ពស់មកតម្លៃទាបត្រឹមជាង ៧លានដុល្លារប៉ុណ្ណោះ៕