(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានថ្លែងថា ក្នុងស្មារតីទទួលខុសត្រូវមានវិន័យ សីលធម័ និងគុណធម៌ល្អប្រសើរ ប្រកបដោយមនសិការ និងអត្តចរិកស្លូតត្រង់ ក្នុងការលើកស្ទួយកិត្យានុភាពកងរាជអាវុធហត្ថ និងធ្វើឲ្យកងរាជអាវុធហត្ថ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តន៍កិច្ចការស្នូលជានគរបាលយុត្តិធម័ តម្រួតយោធា និងផ្តល់កម្លាំងតាមការស្នើរសុំរបស់ក្រសួងស្ថាប័ននានា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៧។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបផងដែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
លោកវរសេនីយ៍ត្រី ឈាង ប៊ុនហុង នាយការិយល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអានផែនការបើកវគ្គហ្វឹកហ្វឺន ជូនអង្គពិធីបានជ្រៀប អំពីខ្លឹមសារមេរៀនសំខាន់ៗដូចជា៖ ទី១៖ សណ្តាប់ធ្នាប់ជូរទ័ព, ទី២៖ វិជ្ជាជីវអន្តរាគមន៍ ការរក្សាសណ្តាប់ធ្នាប់ និងការប្រើប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់, ទី៣៖អប់រំចិត្តសាស្ត្រ, ទី៤៖ សេក្តីណែនាំស្តីអំពីការប្រើប្រាស់ស្លាកសញ្ញា និងឯកសណ្ឋានកងរាជអាវុធហត្ថ, ទី៥៖ ការយកពត័មាន, ទី៦៖ លក្ខន្តិកៈទូទៅរបស់កងយោធិន នៃកងយោពលខេរៈភូមិន្ទ, ទី៧៖ ការស្រាវជ្រាវ វិភាគពត័មាន និងប្រមូលផ្តុំពត័មាន, ទី៨៖ ការសង្គ្រោះបន្ទាន់, ទី៩៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ទី១០៖ តម្រួតយោធា, ទី១១៖ អនុក្រឹត្យលេខ៧៧, ទី១២៖ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
លោកអនុសេនីយ៍ឯក ព្រឿង ឈុំ តំណាងសិក្ខាកាមបានឡើងធ្វើសេចក្តីប្តេជ្ញាចិត្ត គោរព និងអនុវត្តន៍ឱ្យបានទៀងទាត់ពេលម៉ោងរៀនសូត្រ និងរក្សាឱ្យបានល្អនូវវិន័យសណ្តាប់ធ្នាប់, យកអស់កំលាំងកាយចិត្តក្នុងការកត់ត្រា រាល់ខ្លឹមសារដែលគ្រូឧទ្ទេសនាមពន្យល់បកស្រាយ រាល់ខ្លឹមសារ ឯកសាររបស់គ្រូ កន្លែងណាមិនទាន់យល់ ហ៊ានសួរ ដើម្បីស្វែងយល់ ក្រោយពេលបញ្ចប់វគ្គ និងយកចំណេះដឹងពីការរៀនសូត្រវគ្គនេះ ទៅផ្សព្វផ្សាយឱ្យទទួលបាលលទ្ធផលល្អ, ប្តេជ្ញាសាមគ្គីរវាងកម្មសិក្សាការី និងកម្មសិក្សការី រវាងកម្មសិក្សាការី ជាមួយគ្រូបង្គោលឱ្យបានល្អ ជួយឧបត្ថម្ភគ្មាទៅវិញទៅមក ដោយអនុវត្តន៍តាមពាក្យស្លោកថា អ្នកចេះច្រើនជួយបង្រៀនអ្នកចេះតិច ។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានផ្តាំផ្ញើរដល់សិក្ខាកាមដែលនឹងត្រូវចាប់ផ្តើមសិក្សានៅក្នុងពេលនេះ នូវខ្លឹមសារ និងគោលបំណង់មួយចំនួនដូចជា៖ សិក្ខាកាម ត្រូវគោរពពេលវេលារៀនសូត្រឲ្យបានត្រឹមត្រូវ ពិសេសបទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺន ដើម្បីសម្រេចជោគជ័យក្នុងការកសាងធនធានមនុស្ស ដល់កងរាជអាវុធហត្ថ ប្រកបដោយសមត្ថភាព គុណភាព ចំណេះដឹង ជំនាញ និងទេពកោសល្យ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ដែលអាចធានានូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងអំណរគុណចំពោះ លោក វរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានឧបត្ថម្ភនូវអាយឺត ចំនួន១៣០អាវ មេក្រូ០២ ទឹកបរិសុទ្ធចំនួន ២០កេះ និងថវិការចំនួន ៧០ម៉ឺនរៀន ដល់គ្រូឧទ្ទេសនាមផងដែរ៕