(ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់វិទ្យាស្ថាន «សិក្សាដើម្បីជោគជ័យ» LSI បានរួមគ្នាលើកបង្ហាញអំពីតួនាទី និងគុណតម្លៃរបស់ SMEs សម្រាប់សេដ្ឋកិច្ចជាតិ ដែលនិស្សិតគ្រប់រូបត្រូវតែសិក្សា សម្រាប់បន្តនិរន្តរភាពសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ការរួមគ្នាបង្ហាញពីគុណតម្លៃនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលវិទ្យាស្ថាន «សិក្សាដើម្បីជោគជ័យ» បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ការសិក្សាដោយឥតគិតថ្លៃ តាមរយៈការផ្ដល់អាហារូបករណ៍ សម្រាប់សិស្សានុសិស្សដែលទើប ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការធ្វើទំនើបកម្មកម្មវិធីសិក្សាបែប OBE ដើម្បីឱ្យស្របទៅនឹងការធ្វើទំនើបកម្ម របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកម្មវិធីសិក្សាផ្តោតសំខាន់លើលទ្ធផល។
សន្និសីទនេះ លោក កឹម អឿន នាយកវិទ្យាស្ថាន «សិក្សាដើម្បីជោគជ័យ» បានឱ្យដឹងថា ការសិក្សាតាមរយៈកម្មវិធី SMEs និង OBE មានសារសំខាន់ណាស់ ក្នុងការបង្ហាញពីការចូលរួម ក្នុងការអភិវឌ្ឍវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់អាហាររូបករណ៍ និងការធ្វើទំនើបកម្មកម្មវិធីសិក្សា ក្នុងកម្រិតឧត្តមសិក្សា ដើម្បីធានាថា ការសិក្សាដែលឆ្លងកាត់ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ទទួលបានចំណេះជំនាញពិតប្រាកដ ខណៈដែលវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ គឺជាវិទ្យាស្ថានឈានមុខគេ ដែលបណ្តុះបណ្តាលផ្តោត លើជំនាញគ្រប់គ្រង សហគ្រាសខ្នាតតូច និងមធ្យម (SME) ជាច្រើនជំនាន់មកហើយ។
ជាមួយគ្នានេះដែរលោកបានបន្ថែមទៀតថា វិទ្យាស្ថាន «សិក្សាដើម្បីជោគជ័យ» បានដាក់ចេញនូវគោលនយោបាយថ្មីមួយ ដែលបានគាំទ្រ របស់ក្រុមម្ចាស់អាជីវករ ដល់សិស្ស និស្សិតដោយផ្តល់នូវអាហារូបករណ៍ចំនួន៨០កន្លែង ដែលចំណុចនេះ គឺជាឱកាសមួយសម្រាប់ដល់ប្អូន ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬនិស្សិតដែលបានប្រឡងជាប់កាលពីឆ្នាំមុនៗ អាចមកដាក់ពាក្យសុំអាហារូបករណ៍ នៅវិទ្យាស្ថាន «សិក្សាដើម្បីជោគជ័យ» ដើម្បីទទួលបានឱកាសសិក្សាថ្នាក់ឧត្តមសិក្សាបន្តផងដែរ។
វាគ្មិនសំខាន់ៗសុទ្ធសឹងជាអ្នកមានបទពិសោធន៍ក្នុងការងារស្រាវជ្រាវ គ្រប់គ្រង ដឹកនាំផ្ទាល់លើការងារ សហគ្រាសធុនតូច និងមធ្យម បានបកស្រាយ និងបញ្ជាក់យ៉ាងក្បោះក្បាយពីតួនាទីរបស់ SMEs សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលទៅលើការអភិវឌ្ឍ SMEs ផងដែរ។
នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចតុកោណទី៣ មុំទី២ បានលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព។ ក៏ដូចជាការរៀបចំបង្កើតធនាគារ SMEs ការដាក់ចេញអនុក្រឹត្យស្តីអំពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs) ការបង្កើតមូលនិធិអភិវឌ្ឍជំនាញ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចតេជោ ការបង្កើតមូលនិធិអភិវឌ្ឍសហគ្រិនភាព ដែលទាំងនេះក្នុងបំណងជំរុញ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕