(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA) នឹងសហការជាមួយក្រុមហ៊ុនធំៗ១១ ដើម្បីរៀបចំវេទិកាការងារ ក្នុងការជ្រើសរើសកម្លាំងពលកម្មចំនួន ៧០០កន្លែង។
ក្រុមហ៊ុនទាំង ១១នោះ រួមមាន៖ ក្រុមហ៊ុន Cambrew Ltd, AEON Cambodia, Chamroeun Microfinance Institution, AEON Specialized Bank Cambodia, ONLINE ISP Cambodia, CIMB Cambodia, Smart Axiata, Orkidé Villa, Ly Hour Veluy, Major Cineplex Cambodia, Westline Education Group Co., Ltd.។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនឡើងពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ក្រុមហ៊ុននានាបានទាក់ទងមក NEA កាន់តែច្រើនឡើងដើម្បីឲ្យជួយជ្រើសរើសបុគ្គលិកឲ្យ។
លោកថ្លែងថា ជាក់ស្តែងសម្រាប់ខែសីហានេះ NEA រៀបចំវេទិកាការងារដល់ទៅ២ដង ដោយសារក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកច្រើន ហើយរើសមិនទាន់គ្រប់តម្រូវការ។
សម្រាប់វេទិកាការងារលើកនេះ ផ្សារទំនើប AEON ក៏ចូលរួមដែរដោយនាំយកឱកាសការងារ ៧០កន្លែង ជូនដល់យុវជន និងអ្នកស្វែងរកការងារទូទៅ។
លោក វ៉ែន ចំរើន ជាមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុន AEON Cambodia បានបញ្ជាក់ថា ក្រុមហ៊ុន AEON នឹងចូលរួមជាមួយកម្មវិធីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ ព្រមទាំងផ្តល់នៅឱកាសការងារចំនួនជាង ៧០កន្លែង ទៅតាមមុខជំនាញផ្សេងៗគ្នា។ អ្នកអត់បទពិសោធន៍ក៏ដាក់ពាក្យបានដែរ។
លោកបន្តថា «សូមសិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើចូលរួមដាក់ពាក្យ សម្ភាសផ្ទាល់ ជាមួយក្រុមហ៊ុន AEON នៅថ្ងៃនោះទាំងអស់គ្នា»។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ សូមត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕