(ភ្នំពេញ)៖ Liger Leadership Academy ក្នុងភាពជាដៃគូជាមួយ Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានបិទបញ្ចប់ការប្រកួតក្របខ័ណ្ឌលីគកីឡាហ្វ្រីសសប៊ី (Frisbee) នារីដំបូងបង្អស់នៅកម្ពុជា ដែលជាកម្មវិធីសាកល្បងមួយ ដែលមានគោលបំណងលើកទឹកចិត្តនារីឲ្យចូលរួមក្នុងវិស័យកីឡា។ការប្រកាសរៀបចំនេះ ធ្វើឡើងនៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៩។
កម្មវិធីសាកល្បងរយៈពេល៣ខែមួយនេះ មានគោលបំណងបង្ហាញពីសមភាពយេនឌ័រក្នុងកីឡាដ៏ពេញនិយមមួយនេះ ដែលជាទូទៅជាកីឡាសម្រាប់តែបុរសៗ។
ការប្រកួតក្របខ័ណ្ឌលីកកីឡាហ្វ្រីសប៊ី(Frisbee) នេះមានការចូលរួមពីសិស្សានុសិស្សជានារី ដែលមកពី សាលា ចំនួន ៤នៅតាមបទជន ក្នុងខេត្តកំពង់ស្ពឺ និងមកពីអង្គការ Liger ដែលការបង្ហាត់បង្រៀន ព្រមទាំងរៀបចំឡើងដោយសិស្សមកពី Liger។
មុនពេលការប្រកួតក្របខ័ណ្ឌលីកនេះ បានចាប់ផ្តើម អង្គការ Liger បានបង្វឹកសិស្សានុសិស្សច្រើនជាង ៦០ នាក់ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ មក ដើម្បីផ្ដល់ការយល់ដឹង និងការបង្កើតជាក្រុមសម្រាប់ការប្រកួតក្នុងយុទ្ធនាការកីឡានេះ។
ក្រុមមកពី Liger ក៏បានធ្វើការស្ទង់មតិជាមួយសហគមន៍នៅតាមមូលដ្ឋាន ផងដែរ ដើម្បីធ្វើការវាយតំលៃលើផលប៉ះពាល់ផ្សេងៗ និងបានបង្កើតគំរូនៃការហ្វឹកហ្វាត់មួយ ដែលអាចត្រូវបានរៀបចំឡើងវិញដោយអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ផ្សេងទៀត ដែលមានបំណងចង់ពង្រឹកកីឡានេះនាពេលអនាគត។
លោក Dominic Sharpe ដែលជានាយក Liger Leadership Academy បានថ្លែងថា៖ «ស្ត្រី និងក្មេងស្រីគ្រប់វ័យទាំងអស់សមនឹងទទួលបានឱកាសចូលរួមក្នុងរាល់កីឡាទាំងអស់។ នៅ Liger យើងផ្តល់ការអប់រំគំរូមួយដែលមានឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិត ហើយលទ្ធផលទទួលបានរួមទាំងសមិទ្ធផលការសិក្សា សមិទ្ធផលកីឡា និងសមិទ្ធផលផ្ទាល់ខ្លួន។ សិស្សានុសិស្សនៅអង្គការ Liger ទទួលបានឱកាសស្មើៗគ្នាទាំងអស់ ដើម្បីបន្តក្ដីស្រមៃរបស់ពួគេ ហើយយើងជឿជាក់ថា សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជាទាំងអស់គួរតែទទួលបានឱកាសបែបនោះដូចគ្នា»។
ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ២០១២ មក Liger Leadership Academy ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សជាង ១០០នាក់ ដែលខ្វះខាតផ្នែកសេដ្ឋកិច្ច ក្នុងនោះរួមមានការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ សម្លៀកបំពាក់ ការធានារ៉ាប់រង និងការថែរទាំសុខភាព សម្ភារសិក្សា ហើយក៏ផ្ដល់ការចំណាយលើការធ្វើដំណើរផងដែរ។
តាមរយៈកម្មវិធីកីឡាសាកល្បងនេះ ការបណ្តុះបណ្តាលលើបំនិនជីវិតសំខាន់ៗដូចជា ភាពស្មោះត្រង់ ភាពជាអ្នកដឹកនាំ ភាពជឿជាក់ និងអាហារូបត្ថម្ភក៏ត្រូវបានផ្តល់ជូនដល់អ្នកចូលរួមក្នុងសិក្ខាសាលា និងកម្មវិធីហ្វឹកហ្វាត់ ផងដែរ។
លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart ត្រូវបានជម្រុញទឹកចិត្តយ៉ាងខ្លាំង ដោយមិនត្រឹមតែអំពីលទ្ធផលនៃកម្មវិធីសាកល្បងនេះប៉ុណ្ណោះទេ តែក៏ទៅលើកម្រិតសមត្ថភាពចម្រុះដែលក្រុមសិស្សានុសិស្សវ័យក្មេងមកពី Liger ដែលបានរៀបចំកម្មវិធីនេះ ផងដែរ។ ការប្រកួតក្របខ័ណ្ឌលីកនេះពិតជាបានលើកកម្ពស់លើការផ្តល់អំណាចដល់ស្ត្រី ខណៈពេលដែលក្មេងស្រីៗក៏ត្រូវបានលើកទឹកចិត្តឲ្យបង្កើនសមត្ថភាពក្នុងស័យកីឡា ជឿជាក់លើខ្លួនឯង និងនាំយករបៀបរស់នៅប្រកបដោយភាសុខភាព»។
កីឡាសហគមន៍ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃកម្មវិធីទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart ដែលមានគោលបំណងលើកកម្ពស់ របៀបរស់នៅសកម្មដែលប្រកបដោយភាសុខភាព ក៏ដូចជាសុចរិតភាពក្នុងវិស័យកីឡា ដូចជា កិច្ចសហប្រតិបត្តិការ ការគោរព ការប្តេជ្ញាចិត្ត និងការធ្វើការជាក្រុម។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសាកល្បងនេះ សូមចូលរួមតាមដានបណ្ដាញសង្គម Facebook របស់ «Cambodia Female Frisbee League» និង បណ្ដាញសង្គម «Smart for Cambodia»៕