(កណ្តាល)៖ ប្រជាពលរដ្ឋជាង៣ពាន់នាក់ នៅក្នុងស្រុកកណ្តាលស្ទឹង ទទួលបានការពិនិត្យ និងព្យាបាលជំងឺពីសំណាក់សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយឥតគិតប្រាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ។
លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលលើវិស័យសុខាភិបាល សហភាពសហព័ន្ធ យុវជនកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតនូវសម្ព័ន្ធគ្រូពេទ្យសហភាពស ហព័ន្ធយុជននេះឡើង ដើម្បីចុះជូយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ពិសេសនៅតំបន់ដាច់ស្រយាល។
លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែថែទាំសុខភាព តាមរយៈការហូបស្អាតរស់នៅស្អាត ជាពិសេសនៅពេលដែលមានអាការៈមិនស្រួលខ្លួន ត្រូវប្រ ញ៉ាប់ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ជាបន្ទាន់ ចៀសវាងទៅរកគ្រូពេទ្យដែលមិនមានវិជ្ជា ជីវៈត្រឹមត្រូវ ឬគ្រូពេទ្យក្រៅប្រព័ន្ធ ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយចំ ពោះក្មួយៗតូចៗ ត្រូវលាងដៃឲ្យស្អាតមិនកាន់ចំណីអាហារ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ចាប់តាំងពីបង្កើនសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធ យុវជនកម្ពុជាមក យើងបានចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន១១០លើមកហើយ និងបានចំនួនជាង១៧ម៉ឺននាក់ហើយ ក្នុងចំណោម រាជធានី ខេត្តចំនួន២៣ ហើយ សម្រាប់ស្រុកកណ្តាលស្ទឺងនេះ គឺជាលើកទី១៣ហើយ។
លោកបានបន្តថា សម្រាប់ថ្ងៃនេះ យើងបានធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ ហើយប្រសិនជា និងផ្តោតសំខាន់ទៅលើជំងឺចំនួន១៦ប្រភេទ ហើយក៏មានការចែកជូនវ៉ែនតា និងកាសជំនួសសម្រាប់អ្នកគ ថ្លង់ ផងដែរ។
អភិបាលរងខេត្តកណ្តាល លោក គីម រិទ្ធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងស មាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរថា ដែលតែងតែចុះជាប់ ក្នុងភារៈកិច្ចគិតគូរដល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋយើង ជាពិសេសនៅក្នុងខេត្តកណ្តាល។
គួរបញ្ជាក់ដែរថា ទូទាំងស្រុកកណ្តាលស្ទឹង មានមន្ទីរពេទ្យបង្អែក១ បុគ្គលិក៥១នាក់ និងមណ្ឌលសុខភាពចំនួន៦កន្លែង មានបុគ្គលិកចំនួន៧០នាក់ ហើយប្រជាពលរដ្ឋក្រីក្រដែលមានប័ណ្ណសមធម៌ ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតប្រាក់ ផងដែរ៕