(កំពង់ធំ)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហានេះ លោកនាយឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានស្នើឲ្យមន្ត្រីជំនាញអត្តសញ្ញាណកម្ម ចុះធ្វើអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យដល់មូលដ្ឋាន។
លោកនាយឧត្តមសេនីយ៍ទោ អ៊ុក កុសល បានលើកឡើងថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវជំរុញឲ្យប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតឱ្យបានគ្រប់ៗគ្នា និងឲ្យស្គាល់ពីរបៀបប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងវិធីថែរក្សាឲ្យបានល្អ ដើម្បីគាត់ប្រើប្រាស់ឲ្យអស់លទ្ធភាព។ ពេលបាត់បង់ ឬខូចមិនអាចប្រើប្រាស់បាន ត្រូវមករាយការណ៍នៅប៉ុស្តិ៍ឲ្យបានទាន់ពេលវេលា ហើយបញ្ហាកែទម្រង់លើឯកសារផ្សេងៗ រាយការណ៍មក ប៉ុស្តិ៍នគរបាលនៅជិតមូលដ្ឋានរបស់ពួកគាត់។
លោកបានលើកឡើងបន្តថា សម្រាប់អ្នកធ្វើចំណាកស្រុក ពេលគាត់ត្រឡប់មកពីស្រុកវិញនាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ សូមមន្ត្រីជំនាញទាំងអស់ ចុះផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើតឲ្យបានឆាប់រហ័ស និងចុះធ្វើជូនពួកគាត់ដល់ទីកន្លែង ដែលពួកគាត់កំពុងរស់នៅ នៅតាមមូលដ្ឋានជនបទនានា។
លោកនាយឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា មន្ត្រីជំនាញស្ថិតិយកចិត្តទុកដាក់ ទៅលើគោលការណ៍របស់ថ្នាក់លើ ហើយត្រូវត្រួតពិនិត្យដើម្បីធ្វើការងារបន្តទៀត។ ជាមួយគ្នានេះដែរ ត្រូវត្រៀមកម្លាំងជានិច្ច សម្រាប់អនុវត្តការងារ ដែលថ្នាក់លើដាក់ឱ្យអនុវត្ត ដោយមានឆន្ទៈ និងច្បាស់លាស់ ត្រូវចុះជួយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលគាត់មានបញ្ហាផ្សេងៗ មានការទទួលខុសត្រូវខ្ពស់ របស់នាយប៉ុស្តិ៍នគរបាល។
លោកបានផ្តាំផ្ញើដល់នាយប៉ុស្តិ៍រនគរបាលទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ចេះពង្រឹងដល់ក្រុមការងាររបស់ខ្លួន ត្រូវដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងតែជួបប្រទះ មន្ត្រីទាំងអស់ត្រូវ អំណត់ ព្យាយាម អត់ធ្មត់ និងពន្យល់ដល់ប្រជាពលរដ្ឋ ដែលគាត់មានបញ្ហាលើប្រការណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ គាត់មានទំនុកចិត្តនិងជឿជាក់ទៅលើក្រុមមន្ត្រីជំនាញ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើត៕