(កំពង់ស្ពឺ)៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីចុងសប្ដាហ៍ កន្លងទៅ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តរុក្ខាមនោរម្យ ស្ថិតក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសន្ដិភាព ដើម្បីបន្ដការអភិវឌ្ឍបន្ថែមទៀត។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដរាបណាលោកនឹងដឹកនាំប្រទេស គឺនៅតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ បន្តជួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងផ្ដល់ឱកាសសិក្សារៀនសូត្រ ដល់កូនចៅប្រជាពលរដ្ឋ។
បើតាមលោក ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន គឺចង់បានសេចក្តីព្រោះប្រជាពលរដ្ឋចង់បានមេដឹកនាំ ដែលដឹកនាំមានសេចក្តីសុខ ដែលខិតខំចរចាជាមួយបរទេស សុំឲ្យគេមកវិនិយោគ បង្កើតការងារឲ្យកូនចៅប្រជាពលរដ្ឋ ខុសពីអ្នកនយោបាយមួយចំនួន ទៅសុំឲ្យបរទេសផ្តាច់ជំនួយធ្វើបាបខ្មែរឲ្យខ្មែរវេទនា ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងសមិទ្ធផលបន្ថែមទៀត។
លោកអះអាងថា «ប្រជាពលរដ្ឋមានសេចក្តីសុខ២ គឺសេចក្តីសុខផ្លូវកាយ និងសេចក្តីសុខផ្លូវចិត្ត សេចក្តីសុខផ្លូវការ គឺយើងរស់នៅដោយមិនមានការកាប់សម្លាប់គ្នា សេចក្តីសុខផ្លូវចិត្ត គឺយើងមានសិទ្ធិសេរីភាព ប្រជាពលរដ្ឋមានជីវភាពកាន់តែមានបាន ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព រួមគ្នាអភិវឌ្ឍបន្ថែមទៀតដើម្បីអនាគតយើង និងកូនចៅយើង»។
លោក ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់បងប្អូនកងទ័ពរបស់យើង ដែលបានការពារបូរណភាពទឹកដី ហើយយើងខិតខំដោះស្រាយបញ្ហាដើម្បីបម្រើជាតិ ទុកឱកាសឲ្យប្រជាពលរដ្ឋរស់នៅបានសប្បាយរីករាយ៕