(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវការអង្កេត សន្ទស្សន៍ការមាក់ងាយ លើអ្នកផ្ទុកមេរោគអេដស៍២.០ នៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។
សិក្ខាសាលានេះរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការ fhi360, Linkages, Population Council និងCPN+ និងទទួលការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) PEPFAR និង UNAIDS។ សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួងមហាផ្ទៃ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុខាភិបាល ផែនការ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កិច្ចការនារី អប់រំ យុវជននិងកីឡា ព័ត៌មាន តំណាងដៃគូអភិវឌ្ឍន៍ (USAID, PEPFAR, UNAIDS, WHO & HP+) តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កណ្ដាល រាជធានីភ្នំពេញ តំណាងអង្គការសង្គមស៊ីវិល (fhi360, Linkages, Population Council, CPN+, AHF, CRS, PSI, KHANA, CWPD, Chhouk Sar, SMART Girl, MHC, MHSS, CNPUD, RHAC, BFD, KWWA, Bandanh Chaktomuk, & Korsang) ប្រមាណជាង១៣០នាក់។
លទ្ធផល នៃការអង្កេតខាងលើ បានមកពីការសម្ភាសន៍ជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ១២២២នាក់ (បុរសចំនួន ៤៧៦នាក់ និងស្រ្តីចំនួន ៧៤៦នាក់) ពីខេត្តចំនួនប្រាំមួយ ក្នុងប្រទេសកម្ពុជា ជាមួយនឹងការកើនឡើងខ្ពស់នៃការកើតជំងឺអេដស៍ ដូចជា រាជធានីភ្នំពេញ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កណ្តាល និងកំពង់ចាម។ អ្នកចូលរួមក្នុងការអង្កេតនេះ ត្រូវបានរើសតាមរយៈគ្លីនិក ដែលផ្តល់សេវាថែទាំ និងព្យាបាលមេរោគអេដស៍(ART) និងជាមួយការគាំទ្រពីអ្នកផ្តល់សេវា ART និងតាមរយៈការណែនាំ។
ការអង្កេតមានលក្ខណៈពិសេស ដោយសារការប្រមូលទិន្នន័យធ្វើឡើង ដោយអ្នកផ្ទុកមេរោគ អេដស៍ ដែលបានទទួលការបណ្តុះបណ្តាលចំនួន ៣៦នាក់ ដែលបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងស្រុងពីសមាគមន៍អ្នកផ្ទុកមេរោគអេដស៍។ ការអង្កេតនេះ ជាការធ្វើលើកទីពីរនៃសន្ទស្សន៍ នៃការមាក់ងាយដោយសារមេរោគអេដស៍នៅក្នុងប្រទេស កម្ពុជា ដែលបានធ្វើឡើង ដោយការធ្វើឱ្យប្រសើរឡើងនូវកម្រងសំណួរ ដែលឆ្លុះបញ្ចាំងនៅស្ថានភាពបច្ចុប្បន្ន នៃការឆ្លងមេរោគអេដស៍ ដែលការអង្កេតលើកទីមួយត្រូវបានធ្វើឡើង ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០៕