(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស) បានថ្លែងថា វិស័យសង្គមស៉ីវិលនៅប្រទេសកម្ពុជា បាននិងកំពុងដំណើរការទៅ ដោយភាពល្អប្រសើរណាស់ ពោលគ្មានការកៀបសង្កត់ដាក់សម្ពាធពីខាងណាមួយនោះទេ។
លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញបើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ដែលជាសមាជិកសហប្រតិបត្តិការរបស់ វ.ស.ស ស្តីពី «វឌ្ឍនភាពការងាររវាងវេទិកាសម្ព័ន្ធសង្គមស៉ីវិល ជាមួយដៃគូសហប្រតិបត្តិការ និងទិសដៅបន្ត» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រធានវេទិកាសម្ព័ន្ធសង្គមស៉ីវិល បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឆ្លងកាត់តាមការបង្កើតឱ្យមានវេទិកាសន្ទនា តាមបណ្ដាខេត្តរាជធានី គឺទទួលបានលទ្ធផលវិជ្ជមាន គួរឱ្យកត់សម្គាល់ នៅក្នុងទំនាក់ទំនង រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្ត ស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធ ជាមួយនឹងស្ថាប័នអង្គការសង្គមស៉ីវិល។
លោកបានបន្ថែមថា នៅក្នុងវេទិកាសន្ទនាទាំង២៥ រាជធានី-ខេត្ត ដែលបានធ្វើកន្លងមក គេបានរកឃើញបញ្ហាប្រឈមជាច្រើន។ រហូតមកដល់ពេលនេះ បរិយាកាសនៃការសន្ទនា មានភាពធូរស្រាលជាងមុន ធ្វើឱ្យមានភាពស្និទ្ធស្នាល ហាក់ដូចជាមានភាពយល់គ្នាជាច្រើន រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាមួយនឹងបណ្ដាអង្គការសង្គមស៉ីវិលនានា ជាពិសេសពេលធ្វើសកម្មភាព នៅតាមខេត្តឆ្ងាយៗ គឺមានបណ្ដាសហគមន៍ជាច្រើនចូលរួម។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាលទ្ធផលមោទនភាព និងពេញចិត្តចំពោះលទ្ធផលវិជ្ជមាន ដែលយើងទទួលបាន ហើយនេះគឺជាអ្វីដែលរដ្ឋាភិបាលចង់បាន គឺភាពសិ្នទ្ធស្នាលបរិយាកាស ការងារមួយដ៏ល្អប្រសើរ រវាងវិស័យសង្គមស៉ីវិល ជាមួយនឹងរដ្ឋាភិបាល។ តាមរយៈនេះ បានបញ្ជាក់ឱ្យឃើញថា វិស័យសង្គមស៉ីវិលនៅកម្ពុជា ត្រូវបានប្រកបដោយសេរី គ្មានការកៀបសង្កត់ ពីខាងណានោះទេ»។
វ.ស.ស ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្រមូលផ្តុំទស្សនៈ និងមតិយោបល់ពីសំណាក់បញ្ញាវន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ និងសង្គមស៉ីវិល តាមរយៈការពិភាក្សា និងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ហើយលទ្ធផលនៃកិច្ចពិភាក្សា និងស្រាវជ្រាវនឹងត្រូវបានយកទៅប្រើប្រាស់ជាធាតុចូល សម្រាប់រៀបចំសំណើ គោលនយោបាយថ្មីៗ ដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត។
ក្នុងកិច្ចប្រជុំស្តីពី «វឌ្ឍនភាពការងាររវាងវេទិកាសម្ព័ន្ធសង្គមស៉ីវិល ជាមួយដៃគូសហប្រតិបត្តិការ និងទិសដៅបន្ត» មានតំណាងអង្គការ សមាគម សហជីព និងសហគមន៍ បានលើកឡើងនូវសំណូមពរ និងបញ្ហាជាច្រើន ដែលពួកគាត់កំពុងជួបប្រទះសព្វថ្ងៃ។
លោក ប៉ាត ងន ប្រធានអង្គការមូលនិធិកុមារ និងនិស្សិតកម្ពុជា នៅរាជធានីភ្នំពេញ បានលើកឡើងនូវសំណើ និងសំណូមពរចំនួន២។ លោកថ្លែងថា អង្គការលោកកំពុងខ្វះថវិកា ដែលធ្វើឱ្យអង្គការលោកពិបាកក្នុងការដំណើរការ និងការប្រព្រឹត្តិទៅ ហើយម្យ៉ាងវិញទៀត លោកក៏មានបំណងទិញដី នៅខេត្តពោធិ៍សាត់ ដើម្បីធ្វើកសិកម្ម ជួយសមាជិកអង្គការរបស់លោកផងដែរ។
លោក ប៉ាត ងន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោងទី១ ខ្ញុំចង់រាយការណ៍អំពីសកម្មភាពរាយការណ៍ ក្នុងមជ្ឈមណ្ឌលកុមារកំព្រា។ កំពូលក្រជាងគេ គឺអង្គការខ្ញុំនេះឯង»។
លោកបន្តថា «គម្រោងទី២ ខ្ញុំមានគម្រោងធ្វើកសិកម្ម ដែលគម្រោងនេះយូរឆ្នាំហើយ។ ខ្ញុំបានសុំដីនៅខេត្តពោធិ៍សាត់ យូរឆ្នាំហើយតែមិនទាន់បានដីទេ។ សូមជួយខ្ញុំដើម្បីបានដីលក់ធ្វើកសិកម្ម ជួយដល់មន្រ្តីចូលនិវត្តន៍មួយចំនួន និស្សិតនិងកុមារក្រីក្រជនពិការ ដែលធ្លាប់មានកូនចៅនៅក្នុងអង្គការ ត្រូវការចិញ្ចឹមគ្រួសារ»។
ជាមួយគ្នានេះ លោក ណាត់ ភារក្ស ប្រធានអង្គការថែទាំកុមារកម្ពុជា ខេត្តកណ្ដាល បានដាក់សំណើទៅប្រធានវេទិកាសម្ព័ន្ធសង្គមស៉ីវិល ដើម្បីជួយបង្កើតគ្លីនិកថែទាំកុមារ។ លោកថ្លែងថា «សំណើដល់ប្រធានដែរ ដោយសារយើងមានចំណុចខ្វះខាត។ យើងមានបញ្ហាប្រឈម គឺគ្លីនិកព្យាបាលបញ្ហាសុខភាពកុមារ»។
កិច្ចប្រជុំវេទិកាសម្ព័ន្ធសង្គមស៉ីវិលនេះ ក៏មានការចូលរួមពីអង្គការមកពីប្រទេសចិនផងដែរ។ លោក ចាង ដែលជាតំណាងអង្គការមួយ មកពីប្រទេសចិនបានមើលឃើញ ពីភាពល្អប្រសើររវាងទំនាក់ទំនង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ សមាគម សហជីព ក៏ដូចជាសហគមន៍នានាផងដែរ។ លោកអះអាងថា អង្គការរបស់លោករីករាយ នឹងសហការក្នុងការជួយអង្គការនានា នៅប្រទេសកម្ពុជា។
លោកថ្លែងទៀតថា «NGOs (អង្គការក្រៅរដ្ឋាភិបាល) មិនមែនជាសត្រូវរបស់រដ្ឋាភិបាលទេ តែគឺជាមិត្តរបស់រដ្ឋាភិបាល។ ទោះបីជា NGOs មានទស្សនៈខុសគ្នាជុំវិញនយោបាយ ក៏ប៉ុន្តែជារួមយើងធ្វើការដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់គ្នា»។
ទន្ទឹមនឹងនេះដែរ លោក រដ្ឋ ស្រាត តំណាងអង្គការ មកពីខេត្តកំពត យល់ឃើញថា កិច្ចប្រជុំពិភាក្សាជាមួយអង្គការ សមាគម សហជីព និងសហគមន៍ មួយនេះ គឺជារឿងដ៏ល្អ។ ក្នុងន័យនេះ លោកបានសំណូមពរចំនួន ២ផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សំណូមពរទី១ ទៅលោកប្រធាន បើយើងធ្វើវេទិកានេះល្អ ប៉ុន្តែបើបង្កើតវេទិកានេះ បង្កើត៤ខែម្ដងវាកាន់តែខិតជិតគ្នា ដឹងចិត្តគ្នាទៅវិញទៅមក កាន់តែមានភាពងាយស្រួល។ សំណូមពរទី២ សំណូមពរទៅលោក ចាង ដែរថា ដោយសារប្រទេសកម្ពុជាយើង គឺជាប្រទេសកសិកម្ម អញ្ចឹងទាក់ទងនឹងកសិកម្ម ឬក៏បច្ចេកវិទ្យាការអភិវឌ្ឍកសិកម្ម យើងនៅទាបណាស់។ ខ្ញុំយល់ថាមិត្តចឹង គាត់មានលទ្ធភាពច្រើនមានបច្ចេកទេសច្រើន។
លោក រដ្ឋ ស្រាត បានបន្ថែមថា មិត្តចិនគួរតែផ្លាស់ប្ដូរបច្ចេកវិទ្យាកសិកម្ម មកកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសអង្គការរបស់លោកនេះ ក៏ផ្ដោតសំខាន់ទៅលើកសិកម្ម។ លោកថ្លែងថា លោកចង់ធ្វើម៉េចឱ្យកសិកម្មនៅកម្ពុជា បានទំនើបបន្តិចជាងនេះ ដើម្បីរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធារ។
លើសពីនេះទៅទៀត លោកស្រី មាស សុភារី អគ្គលេខាធិការសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ បានថ្លែងថា ប្រទេសកម្ពុជាមានអង្គការមួយចំនួន ត្រូវបានកាត់បន្ថយជំនួយ ហើយអង្គការខ្លះទៀត ត្រូវបានដកជំនួយតែម្តង ដែលធ្វើឱ្យត្រូវប្រឈមនឹងការបាត់បង់ថវិកា និងការបាត់បង់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។ លោកស្រីបន្តថា រឿងថវិកាគឺជាយន្តការមួយដ៏ល្អប្រសើរ ដើម្បីសម្របសម្រួលអង្គការសង្គមស៉ីវិល ជាមួយរាជរដ្ឋាភិបាល ឱ្យធ្វើការងាររួមគ្នា ព្រោះថាថវិកាមួយចំនួន អាចផ្តល់ពីក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល។
លោកស្រី មាស សុភារី បញ្ជាក់ថា «បើសិនជា វ.ស.ស អាចទាក់ទងទៅខាងក្រសួងនានា ព្រោះថាអង្គការសង្គមស៉ីវិលនៅប្រទេសយើង ធ្វើការងារទាក់ទងសឹងតែគ្រប់ខេត្តទាំងអស់ យើងអាចចង្អុលបង្ហាញថា នៅខេត្តនេះអង្គការនោះធ្វើការលើផ្នែកនោះ ប្រសិនបើក្រសួងមានថវិកា គួរសហការជាមួយអង្គការនោះ។ ហេតុនេះអង្គការ និងសមាគមទាំងអស់ មានថវិកាសម្រាប់ធ្វើការងារ»។
លោកស្រីបន្ថែមថា គ្រប់ក្រសួងអាចបំពេញការងារ នៅមានចន្លោះប្រហោង។ ការសហការជាមួយអង្គការសង្គមស៉ីវិល គឺជាការបំពេញចន្លោះប្រហោង ដែលស្ថាប័នរាជរដ្ឋាភិបាល មិនទាន់អនុវត្តន៍បាន គ្រប់ជ្រុងជ្រោយនាពេលកន្លងមក៕