Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសស្រីលង្កា រយៈពេល៤ថ្ងៃ

26-08-2019 13:54

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូកម្ពុជា ចំនួន៦រូប អញ្ជើញបំពេញទស្សនកិច្ច ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា រយៈពេល៤ថ្ងៃ គឺថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០១៩។

ទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា-ស្រីលង្កា កាន់តែមានភាពល្អប្រសើរឡើង និងក្នុងគោលបំណង ដើម្បីស្វែងយល់ពីសក្តានុពល នៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងសកម្មភាពវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីស្វែងរកការវិនិយោគវិស័យហាឡាល វិស័យហិរញ្ញវត្ថុបែបឥស្លាម និងការងារមនុស្សធម៌មួយចំនួនផងដែរ។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចខាងលើនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ គ្រោងនឹងអញ្ជើញជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងព្រះពុទ្ធសាសនា និងវប្បធម៌, រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥស្លាម, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, ប្រធានក្រុមប្រឹក្សាស្រីលង្កា, ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ប្រធានសាជីវកម្មធានារ៉ាប់រងស្រីលង្កា, រដ្ឋមន្ត្រីក្រសួងផែនការទីក្រុង ផ្គត់ផ្គង់ទឹក និងការអប់រំថ្នាក់ឧត្តមសិក្សា សភាពាណិជ្ជកម្មកូឡំបូ, រដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នមួយចំនួន និងអ្នកវិនិយោគឧស្សាហកម្មហាឡាល។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងគណៈប្រតិភូ ក៏នឹងអញ្ជើញទស្សនាសិក្សាស្វែងយល់ ម៉ាស្ជិទ Dewatagaha មុននឹងធ្វើមាតុភូមិនិវត្តន៍៕