(កែប)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ចបឋម ស្តីពី«មូលដ្ឋានគ្រឹះនៃការផ្តល់សេវាសង្គមកិច្ច» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីក្របខណ្ឌថ្មីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីយល់ដឹងពីជំនាញសង្គមកិច្ចបឋម ក្នុង ការផ្តល់សេវាសង្គមកិច្ចដល់ជនរងគ្រោះនិងងាយរងគ្រោះ ប្រកបដោយប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះទៀត វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់សារៈសំខាន់ និងអត្ថប្រយោជន៍ដូចជា ស្វែងយល់ពីទ្រឹស្តីនានាដែលពាក់ព័ន្ធនឹងការផ្តល់សេវា សង្គមកិច្ចដល់ជនរងគ្រោះនិងងាយរងគ្រោះ និងផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្តែង និងយល់ដឹង ពីវិធីសាស្រ្តផ្សេងៗដែលសមស្របក្នុងផ្តល់សេវាសង្គមកិច្ច កសាងសមត្ថភាពបន្ថែមដើម្បីក្លាយខ្លួនជាអ្នកផ្តល់សេវា សង្គមកិច្ចអាជីព។
នេះជាការលើកឡើងរបស់ លោក ទៀវ សុគន្ធ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ចបឋម ស្តីពី«មូលដ្ឋានគ្រឹះនៃការផ្តល់សេវាសង្គមកិច្ច» វគ្គទី១ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប។
នាឱកាសនោះដែរ លោក ទៀវ សុគន្ធ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រដ្ឋមន្ត្រី ដល់សិក្ខាកាមចំនួន ៤០នាក់ មកពីបណ្តាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ចំនួន 0៨ និងអង្គភាពថ្នាក់ជាតិក្រោមឱវាទក្រសួង ចំនួន ០៤ អង្គភាពផងដែរ។
លោក ទៀវ សុគន្ធ បានឲ្យដឹងថា ក្នុងបរិបទនៃសកលភាវូបនីយកម្ម ការរីកចម្រើនខាងផ្នែក បច្ចេកវិទ្យាការបណ្តុះបណ្តាលពង្រឹងសមត្ថភាព គឺជារឿងចាំបាច់សម្រាប់ មន្ត្រីរាជការគ្រប់រូប ដើម្បីអភិវឌ្ឍសមត្ថភាពស្របតាមការរីកចម្រើន ក្នុង តំបន់ និងសកលលោក។ ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារ អាទិភាពសំខាន់មួយ ដែលអាចប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឱ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈ និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងផលិតភាព។ ការអភិវឌ្ឍធនធានមន្ត្រីរាជការ ក៏ត្រូវបានយកចិត្តទុកដាក់ធ្វើ ឱ្យប្រសើរឡើងទាំងសមត្ថភាពជំនាញ និងឥរិយាបថក្នុងការបំពេញការងារ ផងដែរ។
លោកបានបន្ថែមថា ឆ្លើយតបទៅនឹងការវិវត្តន៍ឥតឈប់ឈរខាងផ្នែកបញ្ញាញណ ការររៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរាជការក្របខណ្ឌថ្មីនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ នៅគ្រប់ដំណាក់ កាលរបស់រាជរដ្ឋាភិបាល ដែលនៅតែបន្តចាត់ទុកការអភិវឌ្ឍធនធាន មនុស្សជាការងារអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពចម្បងចំនួន ០៤គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស។
លោក ទៀវ សុគន្ធ បង្ហាញការជឿជាក់ថា តាមរយៈការបណ្តុះបណ្តាល ដែលបានធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃនេះ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសិក្ខាកាមពិតជាទទួលបាននូវចំណេះដឹង និងទស្សនទាន ថ្មី ព្រមទាំងបទពិសោធន៍បន្ថែមលើអ្វីដែលមានស្រាប់ពាក់ព័ន្ធនឹងការ បំពេញការងារ។
ជាមួយគ្នានោះ លោកបានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសដែលបានខិតខំប្រឹង ប្រែងបង្ហាត់បង្រៀន និងគោរពវិន័យ បទបញ្ជាផ្ទៃក្នុងនៃវគ្គបណ្តុះបណ្តាល ឱ្យបានល្អផងដែរ៕