(តាកែវ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានដឹកនាំអនុវត្តន៍ប្រជុំជួរគោរពទង់ជាតិ និងដើម្បីស្តាប់សេចក្តីរាយការណ៍អំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅគ្រប់បណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង។
ក្រោយចប់សេចក្តីរាយការណ៍រួចមក លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំ និងក្រើនរំលឹកដាស់តឿនអំពីវិន័យកងកម្លាំងនគរបាលជាតិ និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដល់មន្រី្តនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យរៀបចំផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តតាកែវ អញ្ជើញជាអធិបតីភាពក្នុងពិធីសមយុទ្ធចម្រុះប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយកងទ័ពការពារព្រំដែន ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃស្អែកនេះផងដែរ។
ក្រៅពីការងារទាំងនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានលើកឡើងនូវលទ្ធផលសំរេចបាន បញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តបន្ត ការងារពង្រឹងវិន័យកងកម្លាំង ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាថ្មីៗរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដោយសង្កត់ធ្ងន់ទៅលើវិន័យកងកម្លាំងពង្រឹងវេនប្រចាំបញ្ជា២៤/២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ជាពិសេសត្រៀមកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងពិធីបុណ្យផ្សេងៗ។
ទន្ទឹមនោះដែរ លោកស្នងការបានណែនាំកងកម្លាំង ត្រូវបន្តចូលរួមឱ្យបានសកម្មផុលផុស ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បាន នាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចក្រឡាហោម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដោយសម្តែងការកោតសរសើរដល់កងកម្លាំង នគរបាលខេត្ត ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការជួយថែរក្សា និងបម្រើសេវាជូនដល់ប្រជាពលរដ្ឋរយៈពេលកន្លងមក។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ មានមតិផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕