(បាត់ដំបង)៖ ក្រុមហ៊ុនទ្រូម៉ាន់នី បាននាំយកនូវបាសាំងផ្ទុកទឹក ចំណុះ 3,000 លីត្រ ឧបត្ថម្ភ ក៏ដូចជាប្រគេនជូនវត្តចំនួន៥ ស្ថិតនៅ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។
នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី១២ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នី រៀបចំឡើងដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈជម្រុញឲ្យប្រជាពលរដ្ឋខ្មែរក្នុងភូមិដាច់ស្រយាល ដែលមានប្រជាជន ប្រមាណ៣០០គ្រួសារ ទទួលបានទឹកស្អាតប្រើប្រាស់។
ទ្រូម៉ាន់នី មានក្រុមហ៊ុនមេនៅប្រទេសថៃ ដែលបានស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុន វេរលុយ ដែលមានភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស បានចុះដល់មូលដ្ឋាននៃឃុំបាសាក់ផ្ទាល់ដើម្បី ចែកជូនបាសាំងផ្ទុកទឹក សម្រាប់ប្រើប្រាស់រួមក្នុងវត្តចំនួន៤ និងវិហារបងប្អូនឥស្លាមមួយ នៅក្នុងស្រុករុក្ខគិរីនេះ គឺវត្ត ទឹកផុស វត្តភ្នំព្រះ វត្តគីរីបាសាក់ វត្តអូរំចេក វិហារនូរោលអេមូនទាអេត។
បន្ទាប់ពីទទួលបានដំណឹង ពីទុក្ខលំបាកវេទនារបស់ពលរដ្ឋនៅតំបន់នោះ ដែលសព្វថ្ងៃប្រជាពលរដ្ឋ រស់នៅឃុំបាសាក់នេះ លំបាកខ្លាំងព្រោះពុំមានទឹកប្រើប្រាស់នោះទេនារដូវប្រាំង ហើយប្រើទឹកភ្លៀងសម្រាប់ប្រើប្រាស់ និងទទួលទាននៅរដូវវស្សាដូច្នេះទាន់រដូវវស្សាប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀងទុកតែនៅតែមិនអាចទុកដល់រដូវប្រាំងនោះទេ។
លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា «ខ្ញុំពិតជាសប្បាយរីករាយជាអតិប្បរិមាពេលដែលបានចូលរួមចំណែកក្នុងការជួយ ហើយឃើញស្នាមញញឹមរបស់ ពុកម៉ែ បងប្អូន ពូមីង នៅទីនេះដែលទទួលបានបាសាំងផ្ទុកទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ នារដូវប្រាំង នេះជាកត្ដាជំរុញអោយក្រុមហ៊ុនទ្រូម៉ាន់នីនៅតែបន្ដនិងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ឥតឈប់ឈរ»។
លោក កែវ ឃាន់ មេភូមិ កែវមុន្នី បានថ្លែងថា ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលវត្តទាំង៥ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បានក្រុមហ៊ុនទ្រូម៉ាន់នីផ្តល់កិត្តិយសផ្តល់ជូនបាសាំងផ្ទុកទឹក សម្រាប់ព្រះសង្ឃឆាន់ និងប្រើប្រាស់នូវរដូវប្រាំង ក៏សូមថ្លែងអំណរគុណចំពោះទឹកចត្តិសប្បុរសធម៌ របស់ក្រុមហ៊ុនទ្រូម៉ាន់នីជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើន ដូចក្រុមហ៊ុនទ្រូម៉ាន់នីជាគំរូ។
លោកយាយ សេង ដែលរស់នៅក្នុងស្រុករុក្ខគិរីនេះ បានបញ្ចេញអារម្មណ៍ប្រាប់ក្រុមហ៊ុនការងារថា «ខ្ញុំពិតជារំភើបជាខ្លាំងខ្ញុំមិនបារម្មណ៍ថា ថ្ងៃស្អែកគ្មានទឹកប្រើប្រាស់ ឬគ្មានទឹកផឹក គ្មានទឹកពិបាកមិនដឹងទៅរកណាបានហូប គ្មានអីច្រើន ក្រៅពីម្រាមដៃដប់ អរគុណដល់ក្រុមហ៊ុនទ្រូម៉ាន់នី ដែលយល់ច្បាស់ពីទុក្ខធុរៈ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ»៕