(បាតដំបង)៖ ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស ប្រធានគ្លីនិកសម្រាកព្យាបាល យីគក់ បានប្ដេជ្ញាចិត្ដក្នុងការពង្រឹង និងពង្រីកការផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋរស់នៅខេត្ដបាត់ដំបង និងបណ្ដាខេត្ដនៅជាប់ ដើម្បីកាត់បន្ថយការចាកចេញទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសជិតខាង។
ការប្ដេជ្ញាចិត្តរបស់ប្រធានមន្ទីរពេទ្យរូបនេះ ធ្វើឡើងក្នុងកម្មវិធីប្រារព្ធខួបគម្រប់៦ឆ្នាំ នៃការដាក់ឱ្យដំណើរការគ្លីនិកសម្រាកព្យាបាលយីគក់។
លោកវេជ្ជបណ្ឌិត យី គក់ ប្រធានគ្លីនិកសម្រាកព្យាបាល យីគក់ បានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ថា នឹងបន្ដពង្រីកផ្នែកសេវាឯកជននៅនឹងគ្លីនិក យីគក់ ដើម្បីជួយដល់ប្រជាជនហើយកាត់ បន្ថយប្រជាជនចេញទៅទទួលសេវា នៅក្រៅប្រទេសតាមរយៈការពង្រីកនូវក្រម សីលធម៌ និងជំនាញច្បាស់លាស់។
លោកវេជ្ជបណ្ឌិតបន្ថែមថា ដោយមើលឃើញថា ប្រទេសជាតិកំពុងតែទទួល បានសុខសន្ដិភាពយ៉ាងពេញលេញ បរិបូរណ៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា កត្ដាសុខសន្ដិភាព និងស្ថិរភាពនេះហើយ ដែលធ្វើឱ្យប្រទេសទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការចូលរួមវិនិយោគរបស់វិស័យឯកជន កំពុងតែមានការកើនឡើង ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ពិសេសវិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋ និងធ្វើការប្រកួតប្រជែង ដើម្បីឱ្យមានភាពស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់។
លោកវេជ្ជបណ្ឌិតលើកឡើងថា បច្ចុប្បន្នគ្លីនិកសម្រាកព្យាបាល យីគក់ បានខិតខំពង្រឹងគុណភាព ការផ្ដល់នូវសេវាកម្មដូចជាជំនាញផ្នែកវេជ្ជសាស្រ្ដ (ក្នុងនោះមានវេជ្ជបណ្ឌិតជំនាញៗគ្រប់ផ្នែក រួមជាមួយសម្ភារៈ បរិក្ខារពេទ្យទំនើបៗដូចជាឧបករណ៍លាងឈាម, MRI, CT Scan, មាស៊ីនអេកូ GE, ម៉ាស៊ីនវីដេអូស្កូបឆ្លុះក្រពះ ពោះវៀន, ម៉ាស៊ីនអង់ដូស្កូបឆ្លុះត្រចៀក ច្រមុះ បំពង់ក និងម៉ាស៊ីនស៊ីស្លូកុបឆ្លុះប្លោកនោម) ឱ្យកាន់តែរឹងមាំថែមទៀត។
លោកវេជ្ជបណ្ឌិតក៏បានតាំងចិត្តខ្ពស់ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ លើវិស័យឯកជនផ្នែកសុខាភិបាល ក្នុងការសម្រាលដល់បន្ទុករាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខុមាលភាពរបស់ពលរដ្ឋ ដែលមានតម្រូវការព្យាបាលជំងឺ ដោយមិនចាំបាច់ត្រូវចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។
លោកបញ្ជាក់ថា គ្លីនិកនឹងបន្ដអភិវឌ្ឍឱ្យមានលក្ខណៈជាស្ដង់ដារអន្ដរជាតិ ដែលអាចប្រកួតប្រជែង ជាមួយប្រទេសជិតខាង និងជាការលើកមុខមាត់ ដល់ប្រទេសជាតិក្នុងវិស័យសុខាភិបាល ផ្នែកសេវាឯកជននេះផងដែរ។ លើសពីនេះនៅថ្ងៃអនាគត គ្លីនិកសំរាកព្យាបាល យីគក់ នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលមួយ ជួយសង្គ្រោះជីវិតមនុស្សឱ្យរួចផុតពី គ្រោះថ្នាក់បានកាន់តែច្រើនឡើងថែមទៀត ហើយអត្រានៃការស្លាប់ដោយសារជំងឺ អាចព្យាបាលបាននោះនឹងត្រូវកាត់បន្ថយ ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចជាតិតាមរយៈការជួយសង្គ្រោះជីវិតមនុស្ស។
លោកវេជ្ជបណ្ឌិត ហួត សុជាតិ ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង នៃមន្ទីរសុខាភិបាលខេត្ដបាត់ដំបងឱ្យដឹងថា ប្រសិនបើពឹងផ្អែកលើការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាជនដោយពឹងផ្អែកលើមន្ទីរពេទ្យរដ្ឋ មិនទាន់គ្រប់គ្រាន់ទេពី ព្រោះនៅមានកម្រិតទាំងបច្ចេកទេស និងសម្ភារៈ ឧបករណ៍ប្រើប្រាស់។
លោកវេជ្ជបណ្ឌិតលើកឡើងថា ការចូលរួមរបស់វិស័យឯកជន ពិតជាមានសារៈសំខាន់ ដោយសារតែវិស័យឯកជនមានសម្ភារៈ ឧបករណ៍ទំនើបៗធ្វើការពិនិត្យ និងស្វែងរករោគវិនិច្ឆ័យ ដែលសកម្មភាពទាំងនេះ បានចូលរួមទប់ស្កាត់ប្រជាជន ដែលចេញទៅក្រៅប្រទេស ពិសេសប្រជាជនរស់នៅក្នុងខេត្ដបាត់ដំបង និងខេត្ដជុំវិញដែលពួកគាត់មានបញ្ហាសុខភាព ខណៈមន្ទីរពេទ្យរដ្ឋមិនអាចរ៉ាប់រងបាន។
សូមបញ្ជាក់ថា ការបង្កើតគ្លីនិកសម្រាកព្យាបាល យីគក់ ចាប់ផ្ដើមដាក់ឱ្យដំណើរការនៅទីតាំងចាស់(ផ្លូវឡាអេ) ក្នុងឆ្នាំ២០០៧ ហើយបានប្ដូរមកទីតាំងថ្មីនៅឆ្នាំ២០១៣ មកដល់បច្ចុប្បន្នមានគ្រែចំនួន៤៨គ្រែ សម្រាប់បម្រើជូនដល់អ្នកជំងឺ និងមានវេជ្ជបណ្ឌិតឯកទេសចំនួន០៤នាក់ វេជ្ជបណ្ឌិតទូទៅចំនួន០៨នាក់ បុគ្គលិកឆ្មប និងគិលានុបដ្ឋាយិកាចំនួន៥២នាក់ រួមនឹងផ្នែកផ្សេងៗសរុបចំនួន៨៦នាក់៕