Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពត បង្ក្រាបបានជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនជាងកន្លះគីឡូក្រាម នៅស្រុកទឹកឈូ

26-08-2019 12:04

(កំពត)៖ កម្លាំងអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ទទួលការងារយុត្តិធម៌ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងថ្នាំញៀនចំនួន ៥កញ្ចប់ធំ និង១៣កញ្ចប់តូច នៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បានឲ្យដឹងថា កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយរូបលោកផ្ទាល់ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិសាស្ត្របង្ក្រាបខាងលើ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បានបញ្ជាក់ទៀតថា លទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន ទី១៖ ឈ្មោះ ហុង ស៊ីថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងទី២ ៖ ឈ្មោះ សំបូរ យុទ្ធនៈ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ វត្ថុតាងដែលបានដកហូតបានរួមមាន៖ គ្រឿងញៀនម្សៅក្រាមពណ៌សរថ្លាចំនួន ៥កញ្ចប់ធំ និង១៣កញ្ចប់តូច មានទម្ងន់ ៥២៩.៣៩ក្រាម, ជញ្ជីងថ្លឹង១, ថង់ច្រកថ្នាំមួយចំនួន, ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូម៉ាក Zoomer X ពណ៌ក្រហម ១គ្រឿង។ បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធីច្បាប់៕