(កំពង់ចាម)៖ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ លោក ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងតំណាងក្រុមហ៊ុន KH NIROT (ខេ អេជ នីរ័ត្ន) និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន KEP បានអញ្ជើញជួបសំណេះសំណាល និងនាំយកមកនូវប្រហុកប្រមាណ៩០០គីឡូក្រាម ថ្នាំពេទ្យ៥០០កញ្ចប់ និងថវិកាមួយចំនួន ដើម្បីផ្តល់ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងពិធីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុន KH NIROT និងលោក អ៊ែល សារ៉ុម បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធផលជាច្រើន បានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ដែលបានឧបត្ថម្ភការកសាងឡើងដោយ ឧកញ៉ា ឡូវ ហ៉ឹង ទាំងស្រុង។

ថ្លែងក្នុងឱកាសនោះ លោក ឡូវ ហ៊ឹង បាននាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាចុងក្រោយ លោក ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយ ការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

តមកលោក ឡូវ ហ៊ឹង តំណាងក្រុមហ៊ុន KH NIROT និងលោក អ៊ែល សារ៉ុម បានចូលរួមឧបត្ថម្ភរួមមាន ឧបត្ថម្ភការកសាងសាលាបឋមសិក្សា ហ៊ុន សែន ខ្ទឹង៨លានរៀល, ជួសជុលអាគាសាខា កាកបាទក្រហម៣លានរៀល, ឧបត្ថម្ភអ្នកឈឺ៩០ម៉ឺនរៀល, ស្រ្តីម៉េម៉ាយ១២ម៉ឺនរៀល, ចាស់ជរាប្រចាំកាយ២០ម៉ឺនរៀល, ឧបត្ថម្ភគ្រួសារសព២លានរៀល, ប្រជាការពារ១០ម៉ឺនរៀល, សិស្សានុសិស្សថវិកាមួយចំនួន និងប្រហុក២៥០គីឡូក្រាម និងថ្នាំពេទ្យមួយចំនួនផងដែរ។ សូមបញ្ជាក់ថា ថវិកា១៣លាន៥សែនរៀល ជាការឧបត្ថម្ភរបស់លោកស្រី លុក សុវណ្ណា និងថវិកា២លានរៀលជាការឧបត្ថម្ភរបស់លោក អ៊ែល សារ៉ុម៕