(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជា ទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

លោក គុយ សុផល អ្នកនាំពាក្យក្រសួងព្រះបរមរាជវាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ថា ការយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន របស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងតែធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ។

កាលពីខែមីនា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ មិនខុសពីពេលកន្លងទៅនោះដែរ ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរពីក្នុងប្រទេសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងក្លាយជាប្រមុខរដ្ឋស្តីទី បំពេញការងារផ្សេងៗជំនួសព្រះមហាក្សត្រ។

ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សផងដែរ៕