(ប៊ុលហ្គារី)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហាញពីមោទកភាពថា តំណែងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ ក្នុងចំណោមប្រទេស១២០ជាសមាជិកនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញពីកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិទាំងមូល ឱ្យស្គាល់ពីកម្ពុជា។
ការបង្ហាញមោទកភាពរបស់លោក កែវ រ៉េមី បានធ្វើឡើងបន្ទាប់ពីលោក ត្រូវបានអង្គសមាជតេក្វាន់ដូ នៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាកិត្តិយសធំណាស់ មិនមែនសម្រាប់តែខ្ញុំផ្ទាល់ទេ គឺសម្រាប់តំណាងឱ្យប្រជាជាតិខ្មែរយើង»។
លោក កែវ រ៉េមី បានបន្តថា តំណែងជាអនុប្រធាននេះ វាគឺជាកិត្តិយសខ្លាំងមែនទែន សម្រាប់កម្ពុជា និយាយឱ្យចំទៅភារកិច្ចនេះធំធេងណាស់ ហើយគឺជាតំណាងមួយ ដែលអាចឱ្យប្រទេសជាង១២០ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទោះបីប្រទេសកម្ពុជា ស្ថិតនៅក្នុងលំដាប់តួនាទីលេខពីរ បន្ទាប់ពីប្រធានក្តីក៏ដោយ ប៉ុន្តែនេះគឺជាមោទកភាពមួយដែលកម្ពុជា បានខិតខំប្រឹងប្រែងកន្លងមកនេះ ។ បន្ថែមពីនេះតាំងនាមឱ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បណ្តាប្រទេសទាំងអស់ដែលផ្តល់សេចក្តីទុកចិត្តគាំទ្រកម្ពុជា ឱ្យធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ។
លោក កែវ រ៉េមី បានបន្ថែមយ៉ាងដូច្នេះថា៖ «កម្រិតសាក្សីចំនួន៧៤ប្រទេស ដែលបានចូលរួមនេះ បង្ហាញឱ្យឃើញថាកម្ពុជា មានកិត្យានុភាព បង្ហាញនូវកេរ្តិ៍ឈ្មោះឱ្យគេស្គាល់កម្ពុជា ហើយឱ្យគេដឹងថា យើងស្ថិតនៅក្នុងលំដាប់ មានសមត្ថភាពមួយនៅក្នុងថ្នាក់ដឹកនាំ»។
ទន្ទឹមនឹងនេះ លោក កែវ រ៉េមី បានបញ្ជាក់ជំហរថា លោកនឹងបន្តខិតខំជំរុញ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត នូវកិត្តិនាមតេក្វាន់ដូកម្ពុជា ដែលពីមុនបរទេសមួយចំនួនដែលស្គាល់ មិនដែលឮ ប៉ុន្តែបច្ចុប្បន្ននេះ តេក្វាន់ដូកម្ពុជា មានការទទួលស្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសទាំងនោះផងដែរ។ មិនតែកីឡាតេក្វាន់ដូកម្ពុជា បានទទួលជ័យជំនៈយ៉ាងច្រើនផងដែរ នៅកម្រិតពិភពលោក និងលក្ខណៈតំបន់អាស៊ី ដែលទទួលបានជ័យជំនៈកម្រិត Top10 នៅទីក្រុងព្យុងយ៉ាង ហើយអាស៊ីកីឡាតេក្វាន់ដូកម្ពុជា ទទួលបានមេដាយមាសច្រើន ធ្វើឱ្យកម្ពុជាកាន់តែល្បីមានកិត្តិនាម នៅលើឆាកអន្តរជាតិ ដោយបង្ហោះទង់ជាតិកម្ពុជា បង្អួតសម្រស់យ៉ាងស្រស់ស្អាតផងដែរ៕