(ប៊ុលហ្គារី)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានអង្គសមាជតេក្វាន់ដូ នៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF)។

ការសម្រេចជ្រើសរើសលោក កែវ រ៉េមី ធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិនេះ បានធ្វើឡើងស្របពេលដែលលោកបានដឹកនាំគណៈប្រតិភូតេក្វាន់ដូកម្ពុជា ចូលរួមបើកមហាសន្និបាតលើកទី២៧ នៃព្រឹតិ្តការណ៍តេក្វាន់ដូពិភពលោក ប្រទេសប៊ុលហ្គារី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ (ពេលវេលានៃកម្ពុជា)។

ការប្រកួតកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារី នៃព្រឹត្តិការណ៍ពិភពលោក World ITF Taekwon-do Championship ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

ការប្រកួតកីឡាតេក្វាន់ដូ មានបណ្ដាប្រទេសចូលរួមចំនួន៧៤ អត្តពលិកតេក្វាន់ដូ ITF ជម្រើសជាតិ១៧នាក់ (ស្រី២នាក់) ពីកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕