(អាមេរិក)៖ ប្រៃសណីយ៍កម្ពុជា ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោក ហៅថា World Confederation of Business (WORLDCOB) ដែលមានស្នាក់ការតាំងនៅទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានអនុញ្ញាតិឲ្យជាចូលសមាជិកធុរកិច្ចឆ្នើម និង ប្រកាសប្រគល់ពានរង្វាន់ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ។
ពិធីទទួលពាន់រង្វាន់នេះ ត្រូវរៀបចំនៅសណ្ឋាគារ InterContinental Mark Hopkins Sanfransisco នៃរដ្ឋ California សហរដ្ឋអាមេរិក ពីថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៩។ នេះបើតាម Facebook ផ្លូវការរបស់ប្រៃសណីយ៍កម្ពុជា ចុះផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ។
សហព័ន្ធធុរកិច្ចពិភពលោក បានអង្កេតការប្រកបធុរកិច្ចរបស់ប្រៃសណីយ៍កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយឃើញថា ក្រុមហ៊ុនកំពុងរីកចំរើនជាលំដាប់ ដែលសក្តិសមនឹងទទួលចូលជាសមាជិកសហព័ន្ធ។ វត្តមានជាសមាជិកសហព័ន្ធធុរកិច្ចពិភពលោក បង្កឱកាសដល់ប្រៃសណីយ៍កម្ពុជា ទទួលបានការជួយលើកតម្កើង និងការអភិវឌ្ឍអាជីវកម្ម ក្នុងលំដាប់ស្តង់ដារអន្តរជាតិពីសហព័ន្ធ។
សូមបញ្ជាក់ថា សហព័ន្ធធុរកិច្ចពិភពលោក World Confederation of Business (WORLDCOB) មានសមាជិកក្រុមហ៊ុនឆ្នើមជាង ៣០០,០០០ មកពី១២០ប្រទេសលើសកលលោក មានស្នាក់ការតាំងនៅទីក្រុង Houston រដ្ឋ Texas នៃសហរដ្ឋអាមេរិក បានដំណើរការវាយតម្លៃក្រុមហ៊ុនជាសមាជិក ផ្តល់ប្រឹក្សា ទទួលស្គាល់សកម្មភាពធុរកិច្ចឆ្នើម និងទទួលស្គាល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំដែលមានស្នាដៃជ្រោមជ្រែងក្រុមហ៊ុនឲ្យឆ្ពោះទៅរកភាពជោគជ័យ ដោយបានរៀបចំពិធីនៅគ្រប់ទ្វីបនៃពិភពលោក តាមកាលវិភាគរបស់ខ្លួន៕