(កំពង់ចាម)៖ បទល្មើសនេសាទខុសច្បាប់មួយកន្លែង (លូស្បៃមុង) នៅចំណុចអាងទឹកអណ្ដូងអាង ស្ថិងក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលចុះបង្ក្រាបបាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ អាជ្ញាធរមូលដ្ឋានឃុំបារាយរណ៍ និងកម្លាំងប្រជាការពារ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលបង្ក្រាបបាន លូស្បៃមុង ចំនួន១៥មាត់, សាច់របាំងរត់ ចំនួន១,២០០ម៉ែត្រ, ចម្រឹងបង្គោលឫស្សី ចំនួន៣៥០ដើម ហើយចំពោះវត្ថុតាងដែលរឹបអូស ជំនាញបានធ្វើការកាប់បំផ្លាញ និងដុតចោលនៅកន្លែងកើតហេតុ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម៕