(កណ្តាល)៖ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិពន្ធបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ទទារយំឆ្លង២០១៩» បង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចនោះ ធ្វើឲ្យបទចម្រៀងថ្មីនេះ ត្រូវបានប្រជាជននៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល យកទៅច្រៀង និងរាំលេងកម្សាន្ត ប្រកបដោយក្តីសប្បាយរីករាយ។

បទ «ទទារយំឆ្លង២០១៩» ទើបតែនិពន្ធថ្មីនេះ ត្រូវបានគេមើលឃើញថា ជាបទចម្រៀងមួយឌឺដងឱ្យទណ្ឌិត សម រង្ស៊ី ជុំវិញការប្រកាសវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។ ក្នុងអត្ថន័យបទចម្រៀងនោះ សម្តេចតេជោ បានបង្ហាញការរង់ចាំវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី។ ប៉ុន្តែសម្តេចតេជោនៅតែសង្កត់ធ្ងន់ថា គុកនៅចាំស្វាគមន៍ការវិលត្រឡប់ របស់ទណ្ឌិត សម រង្ស៊ី។

បទចម្រៀងរបស់សម្តេចតេជោមានន័យខ្លឹមសារដូចខាងក្រោម៖

១៖ ទទាយំឆ្លងត្រយ៉ងបងអឺយច្បាស់ហើយ (២ដង) សង្សារបងអឺយ ៩វិច្ឆិកា។
គុកនឹកបងណាស់សូមបងមេត្តា ចូលមករៀមរ៉ាសមដូចបំណង។

២៖ កាលពីគ្រាមុនបងតែងសាវ៉ា (២ដង) ធ្វើឱ្យចិន្តាអូនសែនចំបែង
ខ្មាសគេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា។

៣៖ រង់អឺយរង់ចាំ ៩វិច្ឆិកា (២ដង) ដល់ពេលនោះណានឹងបានជួបបង
បងមកលើកនេះគុកមានមេត្តា ផ្តល់ឱ្យរៀមរ៉ាជ្រក កោនដូចចិត្ត។

៤៖ អូនសូមអង្វរបងកុំប្តូរចិត្ត (២ដង) គួរតែអាណិតអ្នកដែលរង់ចាំ
សូម្បីតែគុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បទចម្រៀងនេះក្រុមចម្រៀងគ្រួសារនឹងយកទៅរៀបចំជាមួយភ្លេង ដើម្បីច្រៀងកំសាន្តថែមទៀតផង។

ជាការការកត់សម្គាល់ការនិពន្ធចម្រៀងឌឺដងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានមតិជាច្រើនជឿថា ទណ្ឌិត សម រង្ស៊ី នឹងមិនវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យានោះឡើយ៕