(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ ទើបបានទទួលនូវវិញ្ញាបនបត្របញ្ជាក់អំពី «ការទទួលស្គាល់បន្តកម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន IT» ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភពអង់គ្លេស។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការវាយតម្លៃពីស្ថាប័នអន្តរជាតិនេះ គឺមានវិសាលភាពគ្របដណ្ដប់ទាំងលើ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ Data Center និងហេដ្ឋារចនាសម្ព័ន្ធរួមផ្សំនានា ដែលអគ្គនាយកដ្ឋានពន្ធដារ កំពុងអភិវឌ្ឍន៍ និងប្រើប្រាស់ក្នុងការបំពេញការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា «ការទទួលបាននូវការវាយតម្លៃខ្ពស់ជាបន្តបន្ទាប់នេះ អាចសបញ្ជាក់ឲ្យឃើញនូវការទទួលស្គាល់ពីអន្តរជាតិ ចំពោះលទ្ធផលនៃកំណែទម្រង់របស់ជាតិ ក្រោមការដឹកនាំដ៏ប្រពៃរបស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល»។
សូមជម្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ អគ្គនាយកដ្ឋានពន្ធដារ តែងបានប្រើប្រាស់ និងបង្កើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗជាបន្តបន្ទាប់។ រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យពន្ធដារចំនួន៤៩កម្មវិធីរួចមកហើយ ហើយនៅក្នុងឆ្នាំ២០១៩នេះ បានអភិវឌ្ឍន៍បន្ថែមកម្មវិធីចំនួន៨បន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងវិស័យពន្ធដារ ដែលកម្មវិធីទាំងអស់នេះ មិនមែនសម្រាប់ប្រើប្រាស់តែមន្ត្រីពន្ធដារនោះទេ កម្មវិធីខ្លះក៏បានដាក់ឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់ ក្នុងការបង់ពន្ធផងដែរ៕