(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេច ហ៊ុន សែន អមដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែ មានប្រវែង៩០០០ម៉ែត្រ ចាប់ពីភូមិតាអុង ឆ្ពោះទៅភូមិសំព័រ ក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា ថ្លែងថា ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កភាពងាយស្រួល ឲ្យបានដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ដើម្បីរកចំណូលបង្កើនជីវភាពនៅក្នុងគ្រួសារ ឲ្យមានការរីកចម្រើន ថែមមួយកម្រិតទៀត ទើបរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់អភិវឌ្ឍផ្លូវថ្នល់ស្ទើរគ្រប់ទិសទី ពីតំបន់ប្រជុំជនរហូតដល់ទីជនបទ។
តាមលោកអភិបាលខេត្ត ផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែង៩គីឡូម៉ែត្រ ដែលកំពុងចាប់ផ្ដើមស្ថាបនានេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលខាងមុខនេះ។ លោកថា សមិទ្ធផលនេះ គឺជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហេតុដូច្នេះសូមប្រជាពលរដ្ឋប្រើប្រាស់ ជួយថែរក្សាឲ្យផ្លូវមួយខ្សែនេះ ស្ថិតស្ថេរគង់វង្សបានយូរអង្វែងផងដែរ។
លោក ហ៊ុន ម៉ានិត បានថ្លែងដែរថា នាពេលកន្លងទៅ បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវថ្នល់នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម គឺទទួលបានច្រើនជាងតាមបណ្ដាខេត្តផ្សេងៗ។ លោកថា នៅក្នុងឆ្នាំ២០១៨ ក្នុងស្រុកចំការលើ គឺទទួលបាន ការស្ថាបនាផ្លូវប្រមាណជាប្រវែង ៥០គីឡូម៉ែត្រ។ ប្រវែងផ្លូវនេះផងដែរ លោកបានចាត់ឱ្យអភិបាលស្រុកចំការលើ ធ្វើការបែងចែកទៅដល់ភូមិ ដែលមានអាទិភាពទទួលបានផ្លូវសម្រាប់ប្រើប្រាស់។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់ផងដែរថា សមិទ្ធផលដែលប្រជាពលរដ្ឋទទួលបាន ជារៀងរាល់ឆ្នាំនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួមដើម្បីថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បន្ទាប់ចូលរួមបើកការដ្ឋានស្ថាបនាផ្លូវនៅស្រុកចំការលើ លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការបូមខ្សាច់ទប់ស្កាត់ ការបាក់ច្រាំងទន្លេ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ផងដែរ៕