(ស្វាយរៀង)៖ ក្នុងដំណើរបំពេញបេសកកម្ម ចុះពិនិត្យការងារកសិកម្ម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែសីហា ឆ្នាំ២០១៩ នៅខេត្តព្រៃវែង និងស្វាយរៀង របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ, នៅរសៀលថ្ងៃទី២៥ ខែសីហានេះ លោក និងសហការី បានអញ្ជើញមកពិនិត្យ ស្ថានីយពិសោធន៍កសិកម្មគោកត្រប់ ដែលមានទីតាំងនៅភូមិ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ដើម្បីកែប្រែជីវភាព លោករដ្ឋមន្ត្រី បានណែនាំឲ្យមន្រ្តីនៃស្ថានីយពិសោធន៍កសិកម្មគោកត្រប់គិតគូរ ពីការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងផង និងលក់ផង តាមរយ:ការចិញ្ចឹមសត្វ ត្រី ដាំឈើហូបផ្លែ និងបន្លែ ចូរចាំថាក្នុងស្រែមានស្រូវ ក្នុងទឹកមានត្រី និងលើដីមានដំណាំ ទើបអាចកែប្រែជីវភាពរបស់មន្រ្តីយើងបានធូរធារ។
លោករដ្ឋមន្ត្រីបានបន្តថា ស្ថានីយជាកន្លែងបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មសម័យថ្មី ជឿនលឿនដល់ប្រជាកសិករដូចជាស្រូវ ដំណាំ បន្លែ សត្វ និងត្រី បើដូច្នេះលោកបានណែនាំឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីប្រែក្លាយស្ថានីយនេះ ឲ្យទៅជាកន្លែងផលិតពូជស្រូវ និងដំណាំ ពិសេសបន្លែ ព្រមទាំងការប្រើប្រាស់គ្រឿងចក្រ ធានាដល់ការផ្តត់ផ្គង់ពូជដល់អ្នកផលិតក្នុងតំបន់នេះ។
លោក យស់ គឹមសាន ប្រធានស្ថានីយបានបញ្ជាក់ថា ស្ថានីយនេះមានផ្ទៃដីសរុប ១៩ហិកតា ក្នុងនោះ១៥ហិកតាជាថ្នាលពិសោធន៍ និង៤ហិកតាទៀតសាងសង់អគាររដ្ឋបាល បណ្តុះបណ្តាល អគារស្នាក់នៅ និងឃ្លាំង។ ស្ថានីយមានតួនាទីសិក្សាស្រាវជ្រាវផលិតពូជស្រូវ ហើយនៅឆ្នាំ២០១៨ កន្លងមកស្ថានីយសហការផលិតពូជជាមួយសហគមន៍បាន២៥តោន។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ លោករដ្ឋមន្ត្រី វេង សាខុន បានចុះពិនិត្យការចិញ្ចឹមមាន់ និងត្រីរបស់កសិករនៅខេត្តស្វាយរៀងផងដែរ។
លោករដ្ឋមន្ត្រី និងអភិបាលរងខេត្ត បានចុះទៅភូមិតាជ័យ ឃុំកំពង់ ចម្លង ស្រុកស្វាយជ្រុំ មកពិនិត្យការភ្ញាស់ស៊ុតមាន់របស់លោក តូច សេង ដែលគ្រួសារគាត់ដំបូងឡើយបានទទួលមេមាន់ចំនួន ២៨ក្បាល និងឈ្មោល ៤ក្បាលពីគម្រោងឈ្មោះថា «ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ» ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប។
ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងភ្ញាស់ពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមផ្សំជាមួយការខិតខំប្រឹងប្រែងជាបណ្តើរៗកន្លែងភ្ញាស់ស៊ុតមាន់ របស់លោកមានការវិវឌ្ឍន៍រីក ចម្រើននាថ្ងៃនេះ។ ជាក់ស្តែងក្នុង១ខែ លោកអាចបញ្ចេញកូនមាន់ឲ្យទីផ្សារពី ៤-៥ពាន់ក្បាល ក្នុង១ក្បាល តម្លៃ៥ពាន់រៀល ហើយកំពុងតែពង្រីកបន្ថែមដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ និយាយក្នុងទឹកចិត្តសប្បាយរីករាយថា ដោយសារគម្រោងនេះ ធ្វើឲ្យគាត់មានអាជីពមួយថិតថេរ រឹងមាំ ដែលអាចរកចំណូលបានជាង២ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ដោយសារចំណូលដ៏ខ្ពស់នេះ ធ្វើឲ្យគ្រួសារលោក សេង មានជីវភាពធូរធារ ជួបជុំកូនចៅ មានការសិក្សា និងមានសុភមង្គលក្នុងគ្រួសារ។
លោករដ្ឋមន្ត្រីបានកោតសរសើរពីឆន្ទះរបស់លោក សេង ដែលឆ្លៀតយកមេមាន់ ២៨ក្បាល ឈ្មោល ៤ក្បាល ពីជំនួយរបស់គម្រោងមកធ្វើជាដើមទុន ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារយ៉ាងល្អប្រសើរ។
លោកបន្តថា ចំណូលជាង ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ វាពិបាកទទួលបានសម្រាប់គ្រួសារមួយចំនួននាពេលបច្ចុប្បន្ន ប៉ុន្តែប្រសិនបើមានការចូលរួម និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន នោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ ពិតជាអាចសម្រេចបានជាប្រាកដ។ ចំពោះការងារបច្ចេកទេស លោកសុំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលតកម្មសត្វ សហការជាមួយមន្ទីរបន្តជួយបំពេញបន្ថែមនូវចំណុចខ្វះខាត ធ្វើយ៉ាងណាឲ្យផលិតកម្មភ្ញាស់ស៊ុតមាន់ របស់លោក សេង បន្តរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានចុះទៅកាន់ភូមិថ្នាល់ សង្កាត់ចេក ក្រុងស្វាយរៀង ពិនិត្យការភ្ញាស់ត្រីអណ្តែងរបស់កសិករ ម៉ៅ សំអាន។ លោក សំអាន បានរៀបរាប់ថា គាត់ភ្ញាស់កូនត្រីអណ្តែង និងទីឡាព្យា លក់ចែកចាយឲ្យអ្នកចិញ្ចឹមក្នុងតំបន់នេះជាង ១០ឆ្នាំមកហើយតាំងពីគម្រោងប្រាសាក់ (EU-PRASAC)។ ដោយសារមានបទពិសោធន៍ និងកំណើននៃសេចក្តីត្រូវការកូនត្រី សព្វថ្ងៃលោកបង្កើនការផលិតកូនត្រីបាន ១៧០ពាន់ក្បាល ហើយក្នុង១ក្បាលតម្លៃ ២០០ រៀល ក្នុងឆ្នាំអាចរកចំណូលបានជាង ៣០លានរៀល។ ចំណូលរឹងមាំនេះហើយ ធ្វើឲ្យសេដ្ឋកិច្ច គ្រួសាររបស់លោកសំអាត មានការរីកចម្រើនជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យ លោក សំអាន ខិតខំស្រាវជ្រាវផលិតកូនត្រីផ្សេងៗទៀត ឲ្យបានច្រើន ដោយសហការជាមួយរដ្ឋបាលជលផល និងមន្ទីរធ្វើយ៉ាងណាធានាបរិមាណកូនត្រី សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងតំបន់នេះ បំណងពង្រីកបរិមាណផលចាប់ត្រីពីវារីវប្បកម្ម កាត់បន្ថយ ផលចាប់ពីប្រភពធម្មជាតិ ដើម្បីរក្សាតុល្យភាពពូជត្រីក្នុងបឹង ស្ទឹងធម្មជាតិឲ្យបានគង់វង្សល្អ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល៕