(ត្បូងឃ្មុំ)៖ ដោយក្ដីអាណិតអាសូរដល់ក្មេងៗ៤នាក់ ដើររើសអេតចាយ រកចំណូលផ្គត់ផ្គង់គ្រួសារ និងម្ដាយមានជំងឺផងនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសួរនាំដឹងរឿងដ៏អាសូរនេះ ហើយភ្លាមៗនោះលោកផ្តល់ថវិកាមួយចំនួនផងដែរ។
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ និងភរិយា ព្រមទាំងសហការី បានចុះពិនិត្យដល់ផ្ទះក្មេងៗតែម្តង នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្ដល់ជូនគ្រួសារពួកគេ។
លោក ជាម ច័ន្ទសោភ័ណ និងភរិយា បានធានារ៉ាប់រងលើការចំណាយចាយវាយឲ្យក្មេងៗចូលរៀនវិញ ព្រមទាំងឧបត្ថម្ភអង្ករ៥០គីឡូក្រាម ក្នុង១ខែដល់គ្រួសារក្មេងៗ យកម្តាយក្មេងៗដែលឈឺរាំរ៉ៃ និងជីដូនទៅព្យាបាលទិញរទេះរុញ០១គ្រឿង ជូនដល់ជីដូនដើរមិនរួច។
ជាមួយគ្នានេះលោកអភិបាល និងភរិយា បានសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ ដោយផ្តល់ថវិកាដល់ពួកគាត់ ពោរពេញដោយស្នាមញញឹម និងបេះដូងមនុស្សធម៌ដ៏សែនកក់ក្តៅ។
សូមបញ្ជាក់ថា ក្មេងៗទាំង៤នាក់នេះ មានឈ្មោះ អ៊ុក ណារឿន ភេទប្រុស អាយុ១៥ឆ្នាំ, អ៊ុក ណារ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ, អ៊ុក ណារីន ភេទស្រី អាយុ១១ឆ្នាំ និង អ៊ុក ណាធីន ភេទស្រី អាយុ៩ឆ្នាំ។ ពួកគេមានឪពុកឈ្មោះ អ៉ឹម បញ្ញា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ កែវ សាវ៉ាត អាយុ៣៣ឆ្នាំ កំពុងមានជំងឺ និងមានជីតាឈ្មោះ មិញ ចាន់ណា អាយុ៤១ឆ្នាំ និងជីដូនឈ្មោះ ហ៊ាង រ៉ា អាយុ៥៤ឆ្នាំ ពិការជើង។
ក្រុមគ្រួសារក្មេងៗទាំងអស់នេះ មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង តែបានផ្លាស់លំនៅមករស់នៅ ក្រុងសួង ខេត្តត្បូងឃ្មុំ៕