(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ។

សន្និបាតនេះ ប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

AIPA ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) មានសមាជិក១០ប្រទេស គឺប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូអាស៊ាន ក្នុងការជំរុញឲ្យបានសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតនេះ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាងដើម្បីរៀបចំ។ សភាប្រទេសថៃ រៀបចំមហាសន្និបាត AIPA នៅឆ្នាំនេះ គឺក្រោមប្រធានបទ «ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព»។

នៅកំឡុងពេលមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញ ជាច្រើនរបស់ AIPA ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាង AIPA ជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម។

វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នៅលើឆាកអន្តរជាតិ គឺជាការបំពេញបេសកកម្មការទូតសភា នៅក្នុងការចូលរួមកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដោយចីរភាព នៅក្នុងតំបន់និងពិភពលោក និងជាការកសាងកិត្យានុភាព ដល់សភានិងប្រទេសជាតិ នៅលើឆាកអន្តរជាតិផងដែរ៕