(ភ្នំពេញ)៖ សាលាគុន «ការ៉ាតេហ្សិនសេរីយូ និងថៃដូ» ដែលដឹកនាំដោយលោកគ្រូ លាង សុវណ្ណ បានរៀបចំអបអរសាទរអបអរអនុស្សាវរីយ៍ ជាមួយអតីតកូនសិស្ស ព្រមទាំងចែកវិញ្ញាបនបត្រកម្រិតដាន ដល់សិស្សដែលបានហ្វឹកហ្វឺន ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០១៩។
ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អតីតសិស្សគុន ដែលបានហ្វឹកហ្វឺននៅក្នុងសាលាគុន ដោយភាពស្និតសាល នឹងដឹងគុណចំពោះលោកគ្រូដែលបានខិតខំបង្ហាត់បង្រៀន នូវក្បាច់គុនដល់កូនសិស្សកន្លងមក ហើយនៅក្នុងពិធីជួបជុំគ្នានេះដែរ លោកក៏បានបង្ហាញក្បាច់គុនមួយចំនួនដល់អតីតកូនសិស្សគុន ឱ្យកាន់តែជ្រាបច្បាប់បន្ថែមពីក្បាច់គុន ដែលហ្វឹកហាត់កន្លងមកដែរ។
នៅក្នុងឱកាសនោះដែរ លោកគ្រូគុន លាង សុវណ្ណ បានឱ្យដឹងថា អាជីពជាគ្រូបង្ហាត់ក្បាច់គុនការ៉ាតេនេះ លោកគ្រូបានចាប់ផ្តើមតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ហើយនៅឆ្នាំ១៩៨២ លោកគ្រូបានបង្កើតសាលាគុនការ៉ាតេមុនគេបង្អស់នៅក្នុងរាជធានីភ្នំពេញ ហើយរហូតដល់ពេលនេះសាលានេះ មានឈ្មោះថា «ការ៉ាតេហ្សិនសេរីយូ និងថៃដូ» ការហាត់គុនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ព្រមទាំងជាជំនាញមួយ ដែលអាចជួយការពារខ្លួនលើការប៉នប៉ង ធ្វើបាបពីចំណាក់សត្រូវផងដែរ។
បន្ថែមពីនេះលោកគ្រូគុន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំសុខសន្តិភាពជូនប្រទេសកម្ពុជា ជាពិសេសសម្តេចតែងតែគាំទ្រជានិច្ចនូវក្បាច់គុនទាំងឡាយដែលប្រជាជនកម្ពុជា ហ្វឹកហាត់ដើម្បីសុខភាព ជាពិសេសជានិច្ចកាលសម្តេចតេជោ បានលើកទឹកចិត្តដល់គ្រូគុនគ្រប់រូប ឱ្យបន្តបណ្តុះបណ្តាលក្បាច់គុនទាំងនោះដល់យុវជនខ្មែរជំនាន់ក្រោយជាដើម។ មិនតែប៉ុណ្ណោះ ដោយមានការយកចិត្តទុកនេះហើយ សពថ្ងៃលោកគ្រូបានបង្ហាត់ក្បាច់គុន នៅអគ្គស្នងការនគរបាលជាតិ ព្រោះក្បាច់គុនមានសារៈសំខាន់ខ្លាំងណាស់ ចំពោះកងកម្លាំងប្រដាប់អាវុធ ដើម្បីបំពេញបេសកកម្ម បង្ក្រាបបទល្មើសនានាផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកគ្រូគុន លាង សុវណ្ណ បានអំពាវនាវដល់យុវជនខ្មែរគ្រប់រូប ឆ្លៀតពេលទំនេរពីការសិក្សា និងការងារសូមចូលរួមហាត់ក្បាច់គុន និងកីឡានានាទាំងអស់ ដើម្បីធ្វើឱ្យសុខភាពមាំមួន ចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលធ្វើឱ្យបាត់បង់អនាគត កិត្តិយសគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
យោងតាមការលើកឡើងរបស់លោកគ្រូគុន លាង សុវណ្ណ បានបញ្ជាក់ថា ការហាត់ក្បាច់គុនការ៉ាត ធ្វើឱ្យសុខភាពល្អផ្លូវកាយ និងផ្លូវចិត្តមិនត្រឹមតែប្រើ សម្រាប់ជាសិល្បៈដើម្បីការពារខ្លួន និងប្រយុទ្ធប៉ុណ្ណោះទេ លើសពីនេះទៅទៀត កាលណាអ្នកដាក់ចិត្តហាត់គុននេះ ញើសដែលលាយឡំ ជាមួយជាតិពុល នៅក្នុងខ្លួនរបស់អ្នកនឹងហូរចេញមកក្រៅយ៉ាងច្រើនដោយមិនដឹងខ្លួន ព្រោះគ្រប់ចលនានៃស្នៀត គុនដែលអ្នកហាត់សុទ្ធតែដាស់គ្រប់ផ្នែក នៃរាងកាយរបស់អ្នកតាំងពីចុងម្រាមជើង រហូតដល់ផ្នែកក្បាល។ ម៉្យាងវិញទៀត ការ៉ាតេ គឺមិនដូចជាគុនដទៃទៀតឡើយក្រៅពីចម្រើន ចំពោះសុខភាពផ្លូវកាយ វាក៏ផ្ដល់នូវសុខភាពផ្លូវចិត្តជូនអ្នកហាត់ផងដែរ ព្រោះ នៅរាល់គ្រប់កាលវិភាគហាត់ការធ្វើសមាធិ ដើម្បីសម្រួលដល់ចលនាផ្លូវដង្ហើមត្រូវបានដាក់បញ្ចូលដោយគ្រូបង្វឹកដែលប្រការទាំងពីរនេះ នឹងនាំមកនូវគុណប្រយោជន៍ដ៏មហិមា ចំពោះសុខភាពរបស់អ្នកហាត់។
ក្បាច់គុនការ៉ាតេ គឺជាសិល្បៈរបស់ជប៉ុន ដែលមានដើមកំណើតនៅកោះអូគីណាវ៉ា ដែលផ្តោតលើបច្ចេកទេសសកម្មភាពដោយប្រើដៃ និងជើង។ រចនាបថភាគច្រើននៃក្បាច់គុនការ៉ាតេនេះ ក៏រួមបញ្ចូលផងដែរ ដូចជាសកម្មភាពមនុស្ស គាស់កកាយ និងធ្វើការងារធ្ងន់ៗ។ ដើមឡើយមានសិល្បៈក្បាច់គុនចិនមួយ ខណៈដែលកោះអូគីណាវ៉ាធ្លាប់មានប្រវត្តិសាស្ត្រទាក់ទងយូរអង្វែងជាមួយប្រទេសចិនកាលពីសម័យមុន។
នៅឆ្នាំ១៩៣០ ការ៉ាតេ បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសជប៉ុន។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ ការ៉ាតេ បានក្លាយជាវប្បធម៌សកលដែលគ្រប់ខ្សែភាពយន្តការ៉ាតេនីមួយៗត្រូវបានធ្វើជាភាពយន្តហូលីវូដ ដែលមានអ្នកគាំទ្រដ៏អស្ចារ្យ ហើយនៅឆ្នាំ១៩៦០ ពាក្យការ៉េតេ បានក្លាយជាពាក្យរួមមួយនៅក្នុងភាសាអង់គ្លេស និងភាសាច្រើនទៀត៕