(ភ្នំពេញ)៖ ជុំវិញហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ឆេះអគារសិប្បកម្មផលិតពូកកម្ពស់៦ជាន់មួយអគារ និង៤ជាន់មួយអគារ ជាមួយរោងសិប្បកម្មធំមួយ នៅចំណុចផ្លូវលេខ៨បេតេ កែផ្លូវ៣បេតេ ក្រុងទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានប្រើប្រាស់ពេលជាង១៦ម៉ោង ដើម្បីបាញ់ទឹកពន្លត់ ពោលកើតហេតុចាប់ពីម៉ោង០១៖២០នាទី ថ្ងៃទី២៣ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
របាយការណ៍លម្អិតរបស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍គ្រោះអគ្គិភ័យ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញនេះ បណ្ដាលឲ្យអគារសិប្បកម្ម និងសម្ភារ ឧបករណ៍ផលិតពូកជាច្រើនគ្រឿង ត្រូវបានខូចខាតទាំងស្រុង សរុបទឹកប្រាក់ ចំនួន៣,៣៥០,០០០ដុល្លារអាមេរិក ក្នុងនោះរួមមាន៖
* ទី១៖ អគារសិប្បកម្មចំនួន៣ខ្នង (កម្ពស់៤ជាន់ ចំនួន១ខ្នង, កម្ពស់៦ជាន់ ចំនួន១ខ្នង និងឃ្លាំងប្រក់ស័ង្កី ចំនួន១ខ្នង) សរុបទំហំ១០,៤៩៣ម៉ែត្រការ៉េ។
* ទី២៖ ម៉ាស៊ីនកាត់ដេរ ចំនួន១៨គ្រឿង
* ទី៣៖ ម៉ាស៊ីនកាត់ពូក ចំនួន៧គ្រឿង
* ទី៤៖ ម៉ាស៊ីនចាក់ពូក ចំនួន១គ្រឿង។
ដោយឡែក សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៤៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦១ឡាន ស្មើនឹងទឹក១,៤៧៦ម៉ែត្រគូបរួមមាន៖
* រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៣៨រថយន្ត ស្មើនឹង៦៥៤ម៉ែត្រគូប
* រថយន្តពន្លត់អគ្គីភ័យរបស់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់១០រថយន្ត ស្មើនឹង៤០ម៉ែត្រគូប
* រថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥គ្រឿងប្រើប្រាស់ទឹកអស់៣៥រថយន្ត ស្មើនឹង១៦៨ម៉ែត្រគូប
* រថយន្តពន្លត់អគ្គីភ័យរបស់ បញ្ជាការដ្ឋានកងពលតូចលេខ៧០ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់១០រថយន្ត ស្មើនឹង៤០ម៉ែត្រគូប
* រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់៣៦រថយន្ត ស្មើនឹង៤១០ម៉ែត្រគូប
* រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់៣០រថយន្ត ស្មើនឹង១៤៤ម៉ែត្រគូប
* រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង១២ម៉ែត្រគូប
* រថយន្តរបស់ក្រុមហ៊ុនបូរីប៉េងហួត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប។
សមត្ថកិច្ចបានអះអាងទៀតថា ករណីអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី មិនមានការឆេះរាលដាលដល់ផ្ទះរបស់អ្នកជិតខាង និងមិនមានអ្នកណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ។ ប៉ុន្តែចំពោះផ្លូវមួយចំនួន ដែលត្រូវឆ្លងកាត់មកកន្លែងកើតហេតុ រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងបរិវេណនៃកន្លែងកើតហេតុ ត្រូវបានក្រុមការងារមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ និងស្នាក់នៅតាមផ្ទះឡើយ ដើម្បីបង្ការករណីគ្រោះថ្នាក់កើតឡើង ពីការបាក់រលំអគារដែលអគ្គីភ័យឆាបឆេះខាងលើនេះ។
នៅថ្ងៃបន្ទាប់នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍គ្រប់ផ្នែកទាំងអស់ រួមជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ នៅតែបន្តសហការអន្តរាគមន៍ ដោះស្រាយបញ្ហានៅកន្លែងកើតហេតុដដែល ដោយរកនីតិវិធីកាយរលំអគារ ដែលបានឆាបឆេះនោះចេញ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ និងចូលស្នាក់នៅតាមផ្ទះរបស់គាត់វិញ។
ជាមួយគ្នានេះ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីដឹកនាំបញ្ជារួមមាន៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងបន្ដប្រតិបត្តិការឈូសឆាយសម្អាត គំនរអគាររោងចក្រ ដែលបាក់រលំដោយសារភ្លើងឆេះ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីត្រៀមកម្ទេចអគារកម្ពស់៦ជាន់មួយទៀត ដែលមានការប្រេះស្រាំយ៉ាងខ្លាំងដែលនៅជាប់នោះ៕