(ព្រះវិហារ)៖ លោក មាស សុភា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតាំងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។
ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ត្រូវបានអង្គសន្និបាតបោះឆ្នោតគាំទ្រ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ជំនួសលោកស្រី ចឹង ហេង ដែលត្រូវអង្គសន្និបាតបោះឆ្នោត ជាប់ជាអនុប្រធានប្រចាំការ។
អង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ អណត្តិទី៥នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន២៦១នាក់។
សូមបញ្ជាក់ថា អង្គសន្និបាតអាណត្តិទី៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងលោក មាស សុភា ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន ៣១នាក់ទៀត។ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព១៥នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើសលោក ប្រាក់ សុវណ្ណ ជាប្រធានគណៈកម្មាធិការសាខា, លោកស្រី ចឹក ហេង អនុប្រធានប្រចាំការ, លោក សំ លាងទ្រី អនុប្រធាន, លោក ពឹង ទ្រីដា អនុប្រធាន, លោក អ៊ាង វណ្ណថា ហិរញ្ញិក និងលោកស្រី ឈុន សុធារី ជាលេខាធិការគណៈកម្មាធិការសាខា។
គោលបំណងសំខាន់នៃអង្គសន្និបាតនេះគឺ៖
១៖ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២៖ ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣៖ បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥
៤៖ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។
ក្នុងឱកាសនោះ លោកប្រាក់ សុវណ្ណ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖
១៖ ពង្រឹងអភិបាលកិច្ចល្អ
២៖ ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣៖ ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព
៤៖ ខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលករ រួមមានយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ឱ្យកាន់តែសកម្មថែមទៀត
៥៖ ខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ៕