(ប្រទេសចិន)៖ ក្នុងដំណើរទស្សនៈកិច្ចការងារនៅទីក្រុងឆាងឈុន ខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានអនុញ្ញាតជូន លោកស្រី អេនឌី យ៉ាង អគ្គនាយកមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជីលីន និងលោកអគ្គនាយករង សម្តែងការគួរសម និងសម្តែងការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរូបលោកបណ្ឌិតរដ្ឋមន្ត្រីផ្ទាល់ ដែលបានខិតខំជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹង លើការជំរុញ និងរៀបចំឱ្យមានការបើកជើងហោះហើរត្រង់ រវាងខេត្តជីលីន និងព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តជីលីន និងមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជីលីន នៅថ្ងៃម្សិលមិញផងដែរ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើសុំថ្នាក់ដឹកនាំខេត្ត ជួយជំរុញឲ្យមានការតភ្ជាប់ហោះហើរត្រង់ពីទីក្រុងឆាងឈុន មកប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ ខេត្ដសៀមរាប ឬខេត្តព្រះសីហនុ ឲ្យបានឆាប់បំផុតតាមតែអាចធ្វើបាន ដោយក្នុងនោះ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នឹងជួយសម្រួលបែបបទគ្រប់នីតិវិធី និងក៏បានស្នើសុំក្រុមហ៊ុនអាកាសក្នុងស្រុកនៃកម្ពុជា ធ្វើការសិក្សាលើការបើកផ្លូវហោះហើរថ្មីនេះផងដែរ។
ថ្នាក់ដឹកនាំនៃខេត្តជីលីន ស្វាគមន៍នូវគំនិតផ្ដួចផ្ដើមដ៏ល្អប្រសើរ របស់លោកបណ្ឌិតរដ្ឋមន្ដ្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើការជំរុញឲ្យមានការតភ្ជាប់ការហោះហើរត្រង់រវាងកម្ពុជា និងខេត្តជីលីនឲ្យបានឆាប់បំផុត និងចង់ឃើញនូវដំណើរទស្សកិច្ច របស់លោកបណ្ឌិតរដ្ឋមន្រ្ដី ឲ្យទៅជាលទ្ធផលនៃការអនុវត្តន៍ ជាក់ស្ដែងទៅលើការបើកជើងហោះហើរត្រង់រវាងទីក្រុងឆានឈុន និងទីក្រុងណាមួយនៅក្នុងប្រទេសកម្ពុជា៕