(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេ គណៈកម្មការចម្រុះមួយនឹងបង្កើតឡើងក្នុងពេលខាងមុខ ដើម្បីចុះអនុវត្តវិធានការក្ដៅ ចំពោះរាល់ទំនាស់ដីធ្លីពាក់ព័ន្ធទាំងអស់ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក្នុងការស្វែងរកភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋស្លូតត្រង់។
គណៈកម្មការចម្រុះដ៏ធំមួយនេះនឹងបង្កើតឡើងដោយសារ ក្រោយពីសាលារាជធានីភ្នំពេញ ទទួលបានគោលការឯកភាពទាំងស្រុង ពីក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រៅពីដោះស្រាយដីធ្លីទំនាស់ដ៏រ៉ាំរ៉ៃយូរឆ្នាំមកហើយ រវាងលោកស្រី លឹម វណ្ណា ដែលត្រូវលោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតអភិបាលរងខេត្តព្រះវិហារ រំលោភយកកាន់កាប់ និងលក់បន្តឲ្យអ្នកដ៏ទៃសង់ផ្ទះវីឡា។ នេះបើតាមមន្ត្រីសាលារាជធានីភ្នំពេញ បានប្រាប់ដល់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ។
មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានអ្វីដែលត្រូវស្ទាក់ស្ទើរទៀតនោះទេ រងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ សម្រាប់គណៈកម្មការចម្រុះ នឹងចុះអនុវត្តឲ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ដែលរងការរំលោភបំពានផ្សេងៗ រឿងបញ្ហាដីធ្លីដែលលោក មាស សាវឿន រងការចោទប្រកាន់ ថាបានរំលោភយកដីពីលោកស្រី លឹម វណ្ណា នៅមានដីធ្លីទំនាស់មួយចំនួនទៀត ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក៏ត្រូវដោះស្រាយដូចគ្នា ព្រោះសាលារាជធានីភ្នំពេញ ទទួលបានគោលការឯកភាពទាំងស្រុងរួចហើយពី ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»។
យ៉ាងណាក៏ដោយ គេនៅចាំបានថា ចាប់ពីចុងឆ្នាំ២០១៧ រហូតដល់ខែសីហា ឆ្នាំ២០១៨ ស្ថិតក្រោមការបញ្ជាផ្ទាល់ដោយលោក ជា ពីសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ ក្នុងការចុះអនុវត្តរុះរើសំណង់រំលោភច្បាប់របស់លោក មាស សាវឿន ៤ដងរួចមកហើយ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ដោយផ្អែកលើការត្រួតពិនិត្យឯកសារត្រឹមត្រូវតាំងពីភូមិ សង្កាត់ ខណ្ឌ ដល់រាជធានីទទួលស្គាល់ថាករណីនេះ ផ្ដើមចេញពីទំនាស់ដីធ្លីទំហំ ១២០០០ម៉ែត្រការ៉េ របស់លោកស្រី លឹម វណ្ណា ទិញពីឈ្មោះ លឹម អាន ស្របច្បាប់ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៥២៩១ នៅក្នុងឆ្នាំ១៩៩៩ មកម្លេះ ក្រោយពីអតីតអភិបាលរងខេត្តព្រះវិហារ ដ៍មានអំណាចរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការកាត់ទោសដាក់ព័ន្ធនាគារ ដោយសាររឿងដីធ្លី។
គេនៅចាំបានទៀតថា នៅពេលកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះខណ្ឌឫស្សីកែវ ចុះអនុវត្តច្បាប់រុះរើសំណង់រំលោភច្បាប់ពីសំណាក់លោក មាស សាវឿន មិនត្រឹមតែមិនរាងចាលនូវអំពើទុច្ចរិតនោះទេ ថែមទាំងបានប្រើរូបភាពយកកម្លាំងស៉ីឈ្នួលដើរចាប់ដី ជាមួយសាច់ញាតិរបស់ខ្លួនជាខែល រៀបជើងព្រួលប្រមូលផ្ដុំតវ៉ា ប្រដាប់ដោយឧបករណ៍ សម្ភារវាយបកដូចជា (ដំបង, កាំបិត, ជំពាមកៅស៊ូ, ដកសាំង) ជាដើម ប្រឆាំងដោយហឹង្សាទៅលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ច រហូតដល់អាជ្ញាធរសម្រេចដកថយ បញ្ជៀសការប៉ះទង្គិចជាមួយកម្លាំងស៉ីឈ្នួលទាំងនោះ។
លើសពីនេះទៀត ចាប់ពីខែតុលា ឆ្នាំ២០១៧ រយៈពេលជិត២ឆ្នាំមកនេះ ក្រៅពីរំលោភយកដីរបស់លោកស្រី ទៅសង់របងថ្មរឹងមាំ និងលក់បន្តឲ្យអ្នកដ៏ទៃ ដើម្បីសង់ផ្ទះវីឡាដ៍ធំស្កឹមស្កៃ នៅមានដី ចំនួន៦ឡូតិ៍ទៀត ដែលនៅក្បែរៗគ្នា ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ បានសម្រេចដាក់ពាក្យប្ដឹងលោក មាស សាវឿន ទៅស្ថាប័នពាក់ព័ន្ធនានា ដូចជា សាលាខណ្ឌឫស្សីកែវ សាលារាជធានីភ្នំពេញ មន្ទីរ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។
ការសម្រេចប្ដឹងលោក មាស សាវឿន ពីសំណាក់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារផ្សេងទៀតនេះ បានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបញ្ជាក់អំពីភាពត្រឹមត្រូវស្របច្បាប់ (ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ទាំង៦ឡូតិ៍លេខ៖ (ភព០៨៩៤២, ភព០៨៩៤៣, ភព០៨៩៤៥, ភព០៨៩៤៦, ភព០៨៩៤៧, និងភព០៨៩៤៩) ដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៦ ពោលគឺនៅក្រោយពេលដែលអតីតអភិបាលរងខេត្តព្រះវិហាររូបនេះ ប្រើកម្លាំងស៉ីឈ្នួលឲ្យវាយកម្ទេចរបងថ្ម របស់ពួកគាត់ (៤គ្រួសារ) ដើម្បីវិវាទរំលោភយកបន្តិចម្ដងៗ រហូតដល់បច្ចុប្បន្ននេះ៕