(ស្វាយរៀង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង រួមជាមួយសហការី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាព នៃការវិនិយោគលើដំណាំអំពៅរបស់ក្រុមហ៊ុន NKVC នៅភូមិត្រពាំងស្គន់ ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង និងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋកម្មករប្រមាណ ១០០នាក់។
នាយកក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនដាំបាន៥៥០ហិកតា លើផ្ទៃដីសរុប៧៦៧ហិកតា ដែលជាសម្បទានដីសេដ្ឋកិច្ច ទទួលយកមកវិនិយោគពីរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឆ្នាំ២០១០។ ជាមធ្យមអាចទទួលបានផលពី ៨០-១២០តោន/ហិកតា។ បច្ចុប្បន្នតម្លៃអំពៅ មានការធ្លាក់ចុះបន្តិចមកទៅត្រឹម៣៥ដុល្លារ/តោន។
ដោយសារតំបន់នេះ មានសក្តានុពលលើដំណាំអំពៅ និងដំឡូងមី លោកនាយកក្រុមហ៊ុន ស្នើសុំក្រសួងកសិកម្មជួយរកដៃគូវិនិយោគសាងសង់រោងចក្រកែច្នៃស្ករអំពៅ និងដំឡូងមី ដើម្បីស្រូបយកវត្ថុធាតុដើមទាំងនេះ មកប្រើប្រាស់ឲ្យអស់លទ្ធភាព និងជាពិសេសជួយបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។
នាឱកាសនេះផងដែរ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនពិធីជ្រាប ដោយសង្ខេបផងដែរពីការងារបង្កបង្កើនផលស្រូវ បន្លែ ការចិញ្ចឹមសត្វ និងដំណាំកសិឧស្សាហ៍កម្ម (អំពៅស្ករ) និងដំឡូងមី។ ជារួមការងារបង្កបង្កើនផលនៅទូទាំងខេត្ត បានទទួលផលល្អ បើទោះបីខេត្តបានជួបបញ្ហាជំងឺប៉េស្តជ្រូកអាហ្រ្វិក និងសត្វល្អិតមមាជត្នោតបំផ្លាញដំណាំស្រូវ តែដោយមានវិធានការទប់ស្កាត់បន្ទាន់ ខេត្តអាចគ្រប់គ្រងបញ្ហានេះបានទូទាំងខេត្ត។
លោករដ្ឋមន្ត្រី និងលោកអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មកជូនប្រជាពលរដ្ឋទាំងអស់គ្នា។ សម្តេចតែងតែគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង ហើយព្យាយាមដោះស្រាយបញ្ហាទាំងឡាយ ជូនប្រជាពលរដ្ឋជាជំហានៗ តាមការចាំបាច់ និងទាន់ពេលវេលា ស្របតាមកំណើនសេដ្ឋកិច្ចរបស់យើង ហើយសម្តេចបានជូនពរឲ្យប្រជាពលរដ្ឋកម្មករទាំងអស់ ជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។
ភ្ជាប់ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវក្នុងការវិនិយោគ លើសម្បទានដីសេដ្ឋកិច្ចនេះ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុន គួរបង្កើនទុនវិនិយោគធ្វើយ៉ាងណា ប្រើប្រាស់ដីនេះឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋយើងមានការងារ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានដាក់ចេញកន្លងមក។
នៅព្រឹកថ្ងៃដដែលនោះ លោករដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តមកស្រុកស្វាយទាប ឃុំស្វាយរំពារ ភូមិស្វាយធំ ដើម្បីពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពរបស់កសិករ នួន តុលា ដែលកំពុងដាំបន្លែស្ពៃក្រញាញ់ និងស្ពៃចង្កឹះ។
កសិករ នួន តុលា បានឲ្យដឹងថា លោកចាប់យករបរនេះតាំងពីឆ្នៃ២០១១ ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីមន្ទីរ ជាបន្តបន្ទាប់។ បទពិសោធន៍ទាំងអស់នេះ ធ្វើឲ្យកសិកររូបនេះរឹងដៃ រឹងជើងមានសមត្ថភាពអាច អនុវត្តបច្ចេកទេសដាំ ថែរក្សា ប្រមូលលបានយ៉ាងល្អ ហើយទីផ្សារកំពុងពេញនិយមទាំងទីផ្សារក្នុងតំបន់ និងរាជធានីភ្នំពេញ។ មានចំណេះជំនាញ និងបទពិសោធន៍ នាំឲ្យកសិកររូបនេះអាច ដាំបន្លែបានពី៦-៧ដងក្នុង១ឆ្នាំ ហើយក្នុង១លើកទទួលផលបាន ២.៥តោន (អាស្រ័យលើប្រភេទបន្លែ) ហើយក្នុង១គីឡូក្រាម តម្លៃ២៥០០រៀល សរុបក្នុង១ឆ្នាំអាចទទួលបានចំណូលពី ១៤-១៥លានរៀល (ទូទាត់ថ្លៃដើមរួច)។
លោកប្រធានមន្ទីរបានឲ្យដឹងថា បច្ចុប្បន្នបានរៀបចំចងក្រងក្រុមផលិតបន្លែសុវត្ថិភាពបាន៤៩ គ្រួសារ មានផ្ទៃដីដាំដុះ ៨.៥ហិកតា ហើយកំពុងតែរៀបចំកម្មវិធីដាំដុះ ទៅតាមតម្រូវការទីផ្សារ និងអនុវត្តកម្មវិធី GAP (ការអនុវត្តកសិកម្មល្អ) ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព និងសុវត្ថិភាពនៃផលិតផល។
នាឱកាសនេះ រដ្ឋមន្ត្រីបានណែនាំឲ្យកសិករដាំដំណាំឆ្លះ ចៀសវាងផលិតផលជន់លើទីផ្សារ និងជាពិសេសការឆ្លងរាលដាលជំងឺ។
លោករដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ចុះជួយរៀបចំចងក្រងសហគមន៍ផលិតបន្លែ ទៅតាប្រភេទបន្លែឲ្យបានត្រឹមត្រូវរួចផ្តល់ស្លាកសញ្ញា ឬ Logo ដើម្បីសម្គាល់សហគមន៍ ធ្វើយ៉ាងនេះដើម្បីផ្តល់ភាពយុត្តិធម៌ ដល់ភាគីអ្នកផលិត ឈ្មួញកណ្តាល និងអ្នកបរិភោគ។ មួយវិញទៀត គួររៀបចំកន្លែងប្រមូលផ្តុំ ដើម្បីងាយស្រួលកំណត់បរិមាណបន្លែសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ៕