(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់ខ្ពស់ក្នុងការគោរពនូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិឯកជនភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្ដែងនៅអំឡុងឆ្នាំ ១៩៩២ កម្ពុជាបានអនុវត្តច្បាប់ភូមិបាលមួយ ដែលច្បាប់នេះបានបញ្ជាក់ពីការទទួលបាននូវ សិទ្ធិកម្មសិទ្ធិនៅលើដីធ្លីតាមរយៈសន្តតិកម្ម កិច្ចសន្យា ឬ ដោយការផ្លាស់ប្ដូរពី «ការកាន់កាប់បណ្តោះអាសន្ន» ទៅជា «កម្មសិទ្ធិពេញលេញ» ជាអាទិ៍។
ក្រោយមកនៅឆ្នាំ ២០០១ ច្បាប់ភូមិបាលបច្ចុប្បន្នត្រូវបានប្រកាសឱ្យប្រើ ដែលច្បាប់នេះអនុញ្ញាតឱ្យមានកម្មសិទ្ធិឯកជនលើដីធ្លីពេញលេញនៅកម្ពុជា ព្រមទាំងបានបង្កើតឱ្យមាន នូវប្រព័ន្ធបញ្ជីឈ្មោះដីធ្លី និងមានប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ កម្ពុជាបានទទួលជំនួយពីធនាគារពិភពលោក ក្នុងការរៀបចំការចុះបញ្ជីដីធ្លីលក្ខណៈ ជាប្រព័ន្ធដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋផងដែរ។ នៅក្នុងអំឡុងពេលចុះបញ្ជីដីធ្លីនេះ យើងបានប្រឈមនឹងបញ្ហាចម្បងធំ គឺវិវាទដីធ្លី ដែលទាមទារចាំបាច់ឱ្យមានការដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ។ តើកម្ពុជាមានយន្ដការអ្វីខ្លះក្នុងការដោះស្រាយវិវាទដីធ្លី?
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពី «យន្ដការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា» កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សូមលើកយកប្រធានបទនេះមកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋដូចខាងក្រោម ៖
អនុលោមតាមស្មារតីប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ) ប្រភេទគឺ ១៖ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លីដែលមានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ និង ២៖ វិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី គឺដីធ្លីដែលពុំទាន់មានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។
១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី
គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។
ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។
ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែលមិនអាចសម្រុះសម្រួលបានដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។
គណៈកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ ៖
ក/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ
ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹង៖ បុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ ។ បន្ទាប់មក គណៈកម្មការនឹងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយៈពេល៣០ ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង។
ការស៊ើបអង្កេតបន្ទាប់ពីទទួលពាក្យបណ្តឹង៖ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឱ្យបានច្បាស់លាស់។
បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិតក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជាលាយល័ក្ខណ៍អក្សរ ។
ករណីភាគីវិវាទមិនពេញចិត្តចំពោះការច្រានចោលនោះ ភាគីវិវាទនោះអាចប្តឹងទៅគណៈកម្មការសុរិយោដី ថ្នាក់លើបន្ទាប់ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីភាគីទទួលបានសេចក្តីជូនដំណឹង ឬទម្រង់បែបបទច្រានចោលពាក្យបណ្តឹងនោះ។
អំពីកិច្ចប្រជុំរដ្ឋបាល៖ គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវអញ្ជើញគូភាគីវិវាទចូលរួមប្រជុំរដ្ឋបាល ដើម្បីណែនាំអំពីដំណើរការ និងនីតិវិធីនៃការដោះស្រាយវិវាទ។
ភាគីត្រូវធ្វើការជ្រើសរើសអ្នកសម្រុះសម្រួល ៣ រូប និងទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើស បុគ្គលណាម្នាក់ដែលភាគីជឿជាក់ថា អាចជួយខ្លួនបានក្នុងនាមជាជំនួយការភាគី។ ទន្ទឹមនោះគូភាគីត្រូវកំណត់ពេលវេលាទីកន្លែងដោះស្រាយជាមួយនឹងអ្នសម្រុះសម្រួល ឬគូភាគីអាចជូនដំណឹងអំពីការសុំជំទាស់ពី វិវាទផលប្រយោជន៍រវាងភាគីណាមួយជាមួយគណៈកម្មការសុរិយោដី។
ការសម្រុះសម្រួល៖ ក្រោយពេលបញ្ចប់ការស៊ើបអង្កេតយ៉ាងតិច ៣០ ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយបណ្ដឹង គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ ត្រូវបើកកិច្ចប្រជុំដើម្បីសម្រេចលើ ដំណើរការសម្រុះសម្រួលវិវាទ ហើយកិច្ចប្រជុំត្រូវធ្វើឡើងនៅទីតាំងវិវាទ ឬនៅកន្លែងដែលជិតនឹងទីតាំងវិវាទនោះ។
ការសម្រុះសម្រួល និង/ឬ ការសម្រេចរបស់គណៈកម្មការសុរិយោដី ធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែង មានន័យថាជាការដោះស្រាយមួយដោយ យកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈរបស់គូភាគីវិវាទ ដែលសុខចិត្តចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្រោមការខិតខំប្រឹងប្រែងរកវិធីដោះស្រាយពីអ្នកសម្រុះសម្រួល។ ភាគីវិវាទ និងអ្នកជំនួយការភាគីត្រូវចូលរួមក្នុងកិច្ចប្រជុំសម្រុះសម្រួលនេះ ហើយដំណើរការប្រជុំសម្រុះសម្រួល ត្រូវស្ថិតក្រោមវិធាននៃការសម្រុះសម្រួលមួយ។
ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ ភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើករណីវិវាទ មិនអាចធ្វើការដោះស្រាយដោយការសម្រុះ សម្រួលបានទេនោះ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងបញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។
ការវាស់វែងត្រៀមចេញប័ណ្ណ៖ ក្រោយពេលវិវាទត្រូវបានដោះស្រាយ បញ្ចប់ដោយជោគជ័យទាំងការសម្រុះ សម្រួល ឬសម្រេច គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ នឹងចុះធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់តាមការព្រមព្រៀងរបស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ។ បន្ទាប់មកមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមនីតិវិធីចុះបញ្ជីក្បាលដីតាមការស្នើសុំរបស់ភាគីវិវាទ ។
ខ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីរាជធានី ខេត្ដ
បន្ទាប់ពីទទួលបានការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលនកំណត់។ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីបានទទួលបណ្ដឹងវិវាទ គណៈកម្មការសុរិយោដីរាជធានី ខេត្ដ ត្រូវរៀបចំកិច្ចប្រជុំរដ្ឋបាលរវាងគណៈកម្មការសុរិយោដីខេត្ដ ក្រុង និងភាគីវិវាទ។
បើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេនោះ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ត្រូវធ្វើនីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច។ បើភាគីណាមួយមិនសុខចិត្ត ចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងសុំឱ្យ គណៈកម្មការសុរិយោដីថ្នាក់ជាតិធ្វើសវនាការជាថ្មីបាន។
គ/. ការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដីថ្នាក់ជាតិ
គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានសិទ្ធិសម្រេចលើវិវាទទាំងឡាយណាដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ហើយដែលមិនអាចដោះស្រាយបានដោយគណៈកម្មការសុរិយោដីថា្នក់ស្រុក ខណ្ឌ និងគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ដ និងរាល់វិវាទដែលកើតមានក្នុងតំបន់វិនិច្ឆ័យដែលមិនអាចដោះស្រាយបានដោយគណៈកម្មការរដ្ឋបាល។
ក្នុងករណីដែលបានទទួលការបញ្ជូនករណីវិវាទពី គណៈកម្មការសុរិយោដីថ្នាក់រាជធានីខេត្ដ ឬគណៈកម្មការរដ្ឋបាល គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាម ធ្វើការសម្រុះសម្រួលបន្ត តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ គូភាគីមានសិទ្ធិប្តឹងតវ៉ានឹងសេចក្ដីសម្រេច របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅ តុលាការក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេចនេះ។
២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ
តុលាការមានសមត្ថកិច្ចដោះស្រាយលើទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេខ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះបណ្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មធិការសុរិយោដីថ្នាក់ជាតិ។ ក្រៅពីនោះតុលាការក៏មានសមត្ថកិច្ចផងដែរ ពាក់ព័ន្ធនឹងដីមិនទាន់ចុះបញ្ជី (មិនទាន់ចេញប័ណ្ណកម្មសិទ្ធិ) ដូចជាករណីបណ្ដឹងបែងចែកមត៌ក បណ្ដឹងពាក់ព័ន្ធនឹងការទិញលក់ និងការអនុវត្ដសិទ្ធិប្រាតិភោគលើអចលនវត្ថុជាអាទិ៍។ ចំពោះវិវាទដីធ្លី គឺជាប្រភេទរឿងក្ដីរដ្ឋប្បវេណី ដូចនេះភាគី និងតុលាការត្រូវអនុវត្ដតាមគោលការណ៍នៃនីតិវិធីផ្នែករដ្ឋប្បវេណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។
សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដីដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។ ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។