(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, មិនគោរពសិទ្ធិ, កត្តាយាន និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៤២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៤នាក់ របួសធ្ងន់២០៦នាក់ និងរបួសស្រាល១២០នាក់៕