មន្រ្ដី៖ សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា មានភាគរយតិចតួចនៅឡើយ ដែលអាចនាំចេញផលិតផលទីផ្សារអន្តរជាតិ ខណៈពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក នៅមានកម្រិត
24-08-2019 21:43
(ភ្នំពេញ)៖ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសប្បកម្ម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះសហគ្រាសធុនតូច និងមធ្យម (SME) មានបញ្ហាចោទមួយចំនួនលើទីផ្សារ ក្នុងនោះ SME ភាគច្រើនមិនទាន់អាចនាំចេញ ទៅក្រៅប្រទេសបានទេគឺ មានភាគរយតិចតួចបំផុតក្នុងការនាំចេញបាន។
ការលើកឡើងរបស់លោក ឈា ឡាយហ៊ី ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសប្បកម្ម និងវិស័យឧស្សាហកម្ម» នៅថ្ងៃទី២៤ ខែសីហានេះ។
លោក ឈា ឡាយហ៊ី បានថ្លែងឲ្យដឹងថា «SME ភាគច្រើនមិនទាន់អាចនាំចេញ ទៅក្រៅប្រទេសបានទេ មានភាគរយតិចតួចបំផុតក្នុងការនាំចេញទៅបាន ចំណែកឯផលិតផលក្នុងស្រុកក៏មានការគាំទ្រ នៅមានកម្រិតនៅឡើយ។ ប្រជាពលរដ្ឋកម្ពុជាមានកម្រិតក្នុងការគាំទ្រ ទោះបីផលិតផលក្នុងស្រុកមានការចុះបញ្ជី មានការគោរពតាមគោលការណ៍ស្ដង់ដារត្រឹមត្រូវក៏ដោយ ក៏នៅមិនទាន់ឲ្យតម្លៃផលិតផលខ្លួនឯង ខ្លាំងជាផលិតផលនាំចូលពីបរទេសឡើយ»។
លោកបន្ដថា ជាក់ស្ដែងដូចមានសិប្បកម្មកែច្នៃដំណាប់ស្វាយ ដោយពួកគាត់ខិតខំប្រឹងប្រែងកែច្នៃ ស្ដង់ដារតាំពីចំណុចមិនល្អរហូតដល់ចំណុចល្អ និងអាចនាំចេញទៅក្រៅប្រទេសបាន ពួកគាត់ខិតខំប្រឹងប្រែងផ្សព្វផ្សាយនៅក្នុងស្រុកក្ដី តែនៅតែមិនទទួលបានជោគជ័យនៅឡើយ ហើយបើពិនិត្យពីការលក់ក្នុងផលិតកម្មរបស់គាត់វិញ បាននាំចេញទៅក្រៅប្រទេសរហូតដល់៨០-៨៥% ប៉ុន្ដែការលក់ក្នុងស្រុកមានត្រឹមតែ១៥%ប៉ុណ្ណោះ។
លោកបន្ថែមថា ទាំងនេះជាអ្វីដែលក្រសួងឧស្សាហកម្ម កំពុងរៀបចំជាយន្ដការមួយ ដើម្បីផ្សព្វផ្សាយផលិផលណាដែលមានគុណភាព និងធ្វើយ៉ាងណាឲ្យមានការគាំទ្រពី ប្រជាពលរដ្ឋក្នុងស្រុកឡើងវិញ។
លោក ហេង សុខគង់ បានឲ្យដឹងថា វិស័យឧស្សាហកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រទេសដែលកំពុងរីកចម្រើន។
លោកបញ្ជាក់ថា ក្រសួងសឧស្សាហកម្ម និងសប្បកម្ម បានសហការជាមួយអង្គការផលិតភាព អាស៊ីហៅកាត់ថា APO បង្កើតគម្រោងមួយសម្រាប់ ជំរុញកំណើនប្រលិតភាពពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ ប៉ុន្ដែគម្រោងនេះមិនទាន់បានដាក់ឲ្យដំណើរជាជាផ្លូវការនៅឡើយទេ៕