(ភ្នំពេញ)៖ រហូតមកដល់យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះករណីអគ្គិភ័យឆេះអគាររោងចក្រផលិតពូក ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនទាន់បានបិទបញ្ចប់នៅឡើយទេបើទោះបីភ្លើងរលត់ក៏ពិតមែន ប៉ុន្ដែសមត្ថកិច្ចនៅបន្ដការសម្អាតកម្ទេចអគារ ដែលបានបាក់រលំ និងត្រៀមកម្ទេចអគារមួយទៀត ដែលមានសភាពទ្រុងទ្រោមខ្លាំងដោយសារភ្លើងឆេះ។
ព្រមពេលមានការត្រៀមកម្ទេចអគារកម្ពស់ជាន់៦ ដែលត្រូវអគ្គិភ័យវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតំបន់ខាងលើ កុំធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រហូតដល់សមត្ថកិច្ចបញ្ចប់ប្រតិបត្តិការ ព្រោះថាខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។
រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Facebook នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា អាជ្ញាធរបានសម្រេចបិទចរាចរណ៍នៅតំបន់ខាងលើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីធ្វើការសម្អាតទីតាំងកើតហេតុ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា ដើម្បីរក្សាសុខសុវត្ថិភាព អ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ ត្រូវពង្វាងទិសចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ហានិភ័យ ដែលអាចកើតមានជាយថាហេតុ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះតទៅ»។
សូមជម្រាបថា ករណីអគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងអគាររោងចក្រផលិតពូកកម្ពស់៦ជាន់ ទល់មុខពេទ្យរុស្ស៊ី នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ ប៉ុន្ដែរហូតមកដល់យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចកំពុងបន្ដប្រតិបត្តិការកាយគំនរអគារដែលបាក់រលំ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ករណីអគ្គិភ័យនេះសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង កាលពីវេលាម៉ោង៥ទាបភ្លឺ ប៉ុន្ដែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ ពោលនៅបន្ដសំអាតបរិវេណអគារ ពិសេសគំនរដែលអគារបាក់រលំ។
បើតាមលោកឧត្តមសេនីយ៍ទោ នេត វន្ថា គិតត្រឹមម៉ោងជាង៤ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន៤៦គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ជាង៣០០ឡាន ហើយឡានទឹកទាំងអស់នេះ មានទាំងរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដែលបានរួមដៃគ្នាយ៉ាងស្អិតរមួតតាំងពីថ្ងៃកើតហេតុដំបូង។
ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរូបនេះ បានបញ្ជាក់ទៀតថា អគារដែលត្រូវអគ្គិភ័យវាយប្រហារនេះ មានចំនួន៣ទីតាំង និងរោងសិប្បកម្មធំមួយកន្លែង ដោយក្នុងនោះ អគារកម្ពស់៤ជាន់មានពីរ ប៉ុន្ដែមួយបានដាក់រលំដល់ដី និងមួយទៀតបានប្រេះជាបំណែក។ ដោយឡែក សម្រាប់អគារកម្ពស់៦ជាន់ មិនបានរលំនោះទេ ហើយសម្រាប់រោងសិប្បកម្មវិញ ត្រូវភ្លើងឆេះទាំងស្រុង។
យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនៅកន្លែងផ្ទាល់គិតត្រឹមម៉ោងនេះ គេសង្កេតឃើញវត្តមានរបស់ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងដឹកនាំបញ្ជាផ្ទាល់ជាមួយលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ទៀតផងដែរ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញដែរថា អគារដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ ហើយការឆាបឆេះនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប៉ុន្ដែគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ ហើយក៏មិនរាលដាលទៅផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះដែរ៕