(ភ្នំពេញ)៖ ចាស់ៗពីបុរាណពិតជានិយាយត្រូវ «អ្នកនៅតាមភ្នំ រស់ដោយសារភ្នំ-អ្នកនៅតាមទន្លេ រស់ដោយសារទន្លេ-អ្នកពុតត្បុតរស់ដោយសារបោកគេ»។ យ៉ាងណាមិញ ជីវិតនយោបាយលោក សម រង្ស៊ី បានរស់រានមកដល់សព្វថ្ងៃនេះក៏ដោយសារតែការធ្វើប្រជាភិថុត និងការលេងប៉ាហ៊ីបំភាន់បំភ្លៃបង្វែររឿងអ្វីៗគ្រប់យ៉ាងឲ្យទៅជារឿងនយោបាយ។ ដោយសារតែសារជាតិយ៉ាងដូច្នេះហើយ បានជានាំឲ្យលោក សម រង្ស៊ី ចង់ប្រើល្បិចខូចលេងប៉ាហ៊ីដូចគ្នានេះម្តងទៀតនៅចំពោះមុខតុលាការបារាំង។
ម្សិលមិញ ខ្ញុំឃើញលោក សម រង្ស៊ី សរសេរបង្ហោះសេចក្តីប្រកាសព័ត៌មានរបស់មេធាវីគាត់ ហើយខ្លឹមសារនោះបានបង្ហាញ យ៉ាងច្បាស់ក្រឡែតថា គាត់បានចាប់ផ្តើមបង្វែររឿងក្តីបរិហារកេរ្តិ៍ដ៏ធំដែល នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងទៅតុលាការបារាំងនោះឲ្យទៅជារឿងនយោបាយដែលជាការចាកប្រធានបទ នៃកម្មវត្ថុដែលមាននៅក្នុងពាក្យបណ្តឹងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយពីបានអានសេចក្តីប្រកាសព័ត៌មាននេះ ខ្ញុំពិតជាហួសចិត្ត និងអស់សំណើចម្នាក់ឯង ពីព្រោះមើលចុះមើលឡើងទៅវាហាក់ដូចជាសេចក្តីប្រកាសព័ត៌មានរបស់បក្សនយោបាយ ឬអង្គការសង្គម ស៊ីវិលបម្រើឲ្យបក្សនយោបាយដូចដែលមហាជនធ្លាប់បានលឺនិងឃើញកន្លងមកដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ គឺអត់មានបាននិយាយអ្វីមួយពាក្យ អំពីមូលដ្ឋានផ្លូវច្បាប់ហើយក៍មិនហ៊ាននិយាយឲ្យចំប្រធានបទដែរ! ផ្ទុយទៅវិញ ពួកគេខិតខំទាញយករឿងផ្សេងនិង រឿងនយោបាយមកបំភាន់ភ្នែកសាធារណៈមតិទៅវិញ។
លោក សម រង្ស៊ី ត្រូវដឹងថា នៅក្នុងការតទល់រឿងក្តីនៅតុលាការ គឺគេនិយាយតែពីអង្គហេតុ និងអង្គច្បាប់ ឬបើនិយាយតាមបែបងាយយល់គឺ គេនិយាយតែពីហេតុការណ៍ជុំវិញកម្មវត្ថុនៃ ពាក្យបណ្តឹងដោយតម្រូវឲ្យភាគីដើមបណ្តឹងនិងចុងចោទផ្តល់ចម្លើយបង្ហាញភស្តុតាងដាក់បន្ទុកនិងដោះបន្ទុករៀងៗខ្លួន។
ដូច្នេះ ករណីលោកសម រង្ស៊ី ចោទនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានសម្លាប់លោក ហុក ឡងឌី តាមរយៈការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ គឺ សម រង្ស៊ី ត្រូវតែយកភស្តុតាងទៅបង្ហាញតុលាការ ដើម្បីដោះបន្ទុក។ បញ្ហាសំខាន់បំផុតរបស់តុលាការ បារាំងដែលគេប្រាកដជាសួរនោះគឺថា តើសម រង្ស៊ី មានភស្តុតាងទាំងនោះទេ? ហើយបើគ្មានភស្តុតាង គឺមានន័យថា ចាញ់ព្រោះនេះជាគ្រិះនៃ ការវិនិច្ឆ័យសំរេច របស់តុលាការ។
ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា លោក សម រង្ស៊ី ធ្លាប់ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដោយបានបង្ហាញរូបថតកម្ទេចឧទ្ធម្ភាគចក្រ ដែលកាត់ចេញពីកាសែត ហើយអះអាងយ៉ាងខែងរ៉ែងថា កម្ទេចបែបនេះគឺជាការបំផ្ទុះគ្រាប់បែក។ បើលោក សម រង្ស៊ី យកភស្តុតាងបែបនេះទៅបង្ហាញតុលាការបារាំង កុំថាឡើយរូបខ្ញុំ សូម្បីតែចៅក្រមតុលាការបារាំង ក៏ប្រាកដជាហួសចិត្ត ហើយច្បាស់ជាទប់សំណើចមិនបានឡើយ។ ម្យ៉ាងទៀត តុលាការបារាំងច្បាស់ជាមិនអនុញ្ញាតឲ្យ សម រង្ស៊ី ទៅច្រៀង ទះប៉ោត ទូងស្គរ លេងប៉ាហ៊ី សម្តែងរឿង នយោបាយក្នុងរឿងក្តីនេះឡើយ។
ទោះយ៉ាងណា ខ្ញុំនៅតែយល់ថា ល្បិចចាស់គំរឹលរបស់លោក សម រង្ស៊ី នេះវាគ្រាន់តែជាការ បំពេរចិញ្ចឹមអ្នកហៃអើជ្រុលខ្លួនលង់ទឹកតាមគាត់មួយដំបរស្វាតែប៉ុណ្ណោះ រីឯអ្នកដែលគេចេះដឹង ចេះគិត និងអ្នកដែល គេយល់ច្បាប់ទម្លាប់ ពួកគេអាច យល់បានច្បាស់ណាស់ថា អ្វីដែលលោក រង្ស៊ីបានចោទ ប្រកាន់និងអ្វីដែលក្រុមគាត់បាន និងកំពុងត្រៀមរៀបចំសំរាប់ការពារខ្លួននៅឯតុលាការបារាំងនេះ វាពិតជាគ្មានទម្ងន់ហើយអត់ប្រយោជន៍ឡើយ។ ដូច្នេះជាលទ្ធផល លោក សម រង្ស៊ី ពិតជានឹងចាញ់រឿងក្តីនេះដោយឥតមន្ទិលឡើយពីព្រោះតែគ្មានភស្តុតាងរឹងមាំមកដោះបន្ទុក។ ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាយករបាយការណ៍នយោបាយរបស់អង្គការចាត់តាំងនយោបាយមកការពារខ្លួនទៅវីញ។
ចាប់តាំងពីថ្ងៃទី២០ ខែសីហា ដែលមានការប្រកាសជាសាធារណៈពីសំណាក់មេធាវីជនជាតិបារាំងដែលការពារក្តីឲ្យលោកនាយក រដ្ឋមន្ត្រី និងលោក ឌី វិជ្ជាថា ពាក្យបណ្តឹងបានយកទៅដាក់ នៅតុលាការបារាំងរួចហើយមក មនុស្សជាច្រើនដែលនៅក្បែរលោក សម រង្ស៊ី បាននាំគ្នាគ្រវីក្បាលដោយអស់សង្ឃឹម ថា «ខ្ចប់ហើយលោកប្រធាន» ពីព្រោះការចោទប្រកាន់ធ្ងន់ធ្ងរដោយគ្មានភស្តុតាង បែបនេះប្រាកដជា ចាញ់ក្តីយ៉ាងប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងទូរស័ព្ទមកប្រាប់សាច់ញាតិ និងសកម្មជននៅក្នុងស្រុកខ្មែរថែម ទៀតថា «រឿងតតាំងក្តីជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតុលាការបារាំងនោះ គឺលោកប្រធាន សម រង្ស៊ី គាត់សន្លប់តាំងពីមិនទាន់ឡើងដល់លើរីញម៉្លេះ ហើយរឿងក្តីនេះអាចឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ស៊ីផុយ»។
ម៉្យាងទៀត សកម្មជន សម រង្ស៊ី និយមនៅស្រុកបារាំង បាននាំគ្នាលាន់មាត់និយាយថា ចាញ់ក្តីនៅតុលាការខ្មែរ អាចមានលេសថា តុលាការ លម្អៀង តែបើចាញ់ក្តីនៅតុលាការបារាំងទៀត តើ ពួកយើងអាចមានលេសអីទៀត មកនិយាយដើម្បីជួយបិទបាំងកំហុសរបស់ «លោកប្រធាន»?
ខ្ញុំគិតថា លោកសម រង្ស៊ី ខ្លួនឯងក៏ពិតជាបានយល់ច្បាស់ដែរពីរឿងនេះ ប៉ុន្តែធ្វើម៉េចបើសារជាតិមកពីកំណើតរបស់គាត់ជាមនុស្សដែលមានក្រយ៉ៅខូចវៀចវេរ! ហេតុដូច្នេះហើយបានជាគាត់មានតែ បន្តព្យាយាម ពឹងលើការ បំភ្លៃ បំភាន់ បំពុលនិងបង្វែរសាច់រឿងបែបនេះហើយទើបអាចចិញ្ចឹមជីវិតនយោបាយបានតទៅទៀត។
មនុស្សម្នាជាច្រើនក៏បានដឹងដែរថា នយោបាយរបស់លោក សម រង្ស៊ី តាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ននេះ គឺ «ការដើរនៅលើបន្ទាត់ដ៏គ្រោះថ្នាក់បំផុត ឬ ការដើរផុតពីបន្ទាត់ក្រហមដែល ជាសញ្ញាគ្រោះថ្នាក់» ទៅហើយ។ បន្ទាត់នយោបាយរបស់សម រង្ស៊ី គឺការបង្កើតបញ្ហា លាបពណ៌និងចោទប្រកាន់ដោយគ្មានភស្តុតាង។ នយោបាយនេះបានក្លាយទៅជាវប្បធម៌និងអត្តសញ្ញាណរបស់ សម រង្ស៊ី និងគូកនទៅហើយ។
កុំថាឡើយដល់ទៅអ្នកដទៃ សូម្បីមនុស្សក្នុងបក្សពួករបស់ខ្លួនក៏ដោយឲ្យតែហ៊ានរិះគន់ ឬដើរចេញពីគាត់ ត្រូវលោកសម រង្ស៊ី និងក្រុមហៃហើរៗតាមលាបពណ៌ហើយចោទថាក្បត់ ឬលក់ក្បាលភ្លាមៗតែម្តងដែលធ្វើឲ្យប្រជាជនខ្មែរយើង នឹកឃើញដល់សម័យប្រល័យពូជសាសន៍ប៉ុល ពតដែលបានចាត់ទុកអ្វីៗទាំងអស់ ដែលប្រឆាំងនឹងខ្លួនគឺសុទ្ធជាខ្មាំង ជាសេអ៊ីអា ជា កាហ្សេបេ ជាខ្មាំងយួន ។ល។
ដោយសារតែដើរលើបន្ទាត់ នយោបាយដ៏គ្រោះថ្នាក់នេះហើយបានជាក្នុងមួយជីវិត នយោបាយរបស់សម រង្ស៊ី វិធីតែម្យ៉ាងគត់ដែលគាត់តែងប្រើនោះ គឺដើរចាក់រុកឲ្យផ្ទុះកំហឹង និងការធ្វើបាតុកម្មវាយកម្ទេចដុតបំផ្លាញ ។ល។ នៅពេលដែលអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ សម រង្ស៊ី ប្រញាប់ប្រញាល់ចេញសារកាឡៃបំភ្លៃភ្លាមថា នោះជារឿងនយោបាយ។ នយោបាយប្រជាភិថុតរបស់សម រង្ស៊ីបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ប្រទេសជាតិក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។
ពេលនៅក្នុងប្រទេស សម រង្ស៊ី គឺជាអ្នកបំផ្លាញភាពស្ងប់សុខ របស់ប្រជាពលរដ្ឋ និងរារាំងការអភិវឌ្ឍន៍ប្រទេស ប៉ុន្តែពេលមានរឿងក្តីក្តាំនៅតុលាការ ក៏រត់ទៅក្រៅប្រទេសហើយស្រែកថា អាជ្ញាធរកម្ពុជាធ្វើទុក្ខបុកម្នេញ ហើយខំកាឡៃសំណុំរឿងខុសច្បាប់របស់ខ្លួនឲ្យទៅជារឿង នយោបាយ។
ជាផលវិបាក សង្គមខ្មែរមានភាព ច្របូកច្របល់ពីព្រោះពលរដ្ឋខ្លះនៅមិនទាន់បែងចែកច្បាស់រវាងការបំពានច្បាប់ និងរឿង នយោបាយ, រវាងសេរីភាព បញ្ចេញមតិ និងការបរិហារកេរ្តិ៍ រវាងសិទ្ធនិងច្បាប់ ជាដើម។
ប៉ុន្តែ នៅពេលទឹករងថ្លា គេអាចមើលឃើញច្បាស់ដល់បាតដី។ យ៉ាងណាមិញ, បច្ចុប្បន្ន អ្វីៗកាន់តែបើកចំហរដែលនាំឲ្យប្រជាពលរដ្ឋខ្មែរមើលឃើញកាន់តែច្បាស់ពីល្បិចពិសពុលរបស់ លោកសម រង្ស៊ី។ ជាក់ស្តែង តើអតីតសហការីរបស់គាត់ប៉ុន្មានភាគរយហើយដែលបានបែក ចេញពីសម រង្ស៊ី ដោយសារតែ ពួកគេមិនពេញចិត្តនិងមិនដើរ តាមនយោបាយប្រជាភិថុតដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី នេះ? បច្ចុប្បន្ន នៅសល់តែពលរដ្ឋខ្មែរក្រៅស្រុមួយចំនួនដ៏តិចតួចប៉ុណ្ណោះដែលនៅបន្តចាញ់កល ល្បិចឆ្ពិនភ្នែករបស់ សម រង្ស៊ី។
ឥឡូវនេះ លោកសម រង្ស៊ី ក៏ទំនងជាចង់លេងប៉ាហ៊ីដាក់តុលាការ បារាំងទៀតតាមរយៈការទាញ រឿងបរិហារកេរ្តិ៍ឲ្យទៅជារឿងនយោបាយ។ ប៉ុន្តែច្បាប់គឺច្បាប់ហើយទោះបីច្បាប់គឺជាកម្មវត្ថុ នៃការបកស្រាយក៏ដោយ ក៏អ្នកកាន់ការងារកាត់សេចក្តីរឿងច្បាប់មិនអាចអោយឈ្នះបានដែរបើគ្រាន់តែចាប់ផ្តើមភ្លាម ចុងចោទសម រង្ស៊ីរាំខុសចង្វាក់ភ្លេងបាត់ទៅ ហើយនោះ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ