(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្រ្តីជំនាញរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ ក្នុងទឹកដី សង្កាត់ទាំង៦ ក្នុងទឹកដីទូទាំងក្រុងតាខ្មៅ និងបានណែនាំអាជីវករ សូមបញ្ឈប់យកដងផ្លូវ លក់ដូរធ្វើអាជីវកម្ម ត្រូវទុកដងផ្លូវសំរាប់អ្នកថ្មើរជើង ធ្វើដំណើរ ។
ក្នុងនោះក៏បានការចូលរួមពីមន្ត្រីមួយចំនួនដែលមកពីមន្ទីរបរិស្ថាន មន្ទីរធម្មការ និងសាសនា មន្ទីរទេសចរណ៍ មន្ទីររ៉ៃ និងថាមពល មន្ទីរឧស្សហកម្ម និងសិប្បកម្ម មន្ទីរព័ត៌មាន និងអភិបាលក្រុងតាខ្មៅ រួមនឹងក្រុមសិក្សាសង្កាត់ទាំង៦ នៅក្រុងតាខ្មៅ សរុប២៣០នាក់។
បន្ទាប់ពីបានពិនិត្យការដ្ឋានផ្លូវ ២១A រួចមក លោក ម៉ឹង យូឡេង ក៏បានបន្ដ ចុះពិនិត្យការដ្ឋាន ផ្លូវជាតិលេខ២១A ដែលកំពុងតែចាក់កំទេចថ្ម និងយករឡូបង្ហាប់ផ្លូវ ស្រោចទឹក មិនឲហុយ មានប្រវែង១៩៣០ម៉ែត្រនិងធ្វើឲ្យរួចរាល់ ក្នុងអំឡុងខែ១០ ឆ្នាំ២០១៩។ ក្រៅពីនោះក៏មានការងារសាងសង់ស្ថានីយ៍បូមទឹកព្រែកឯងដាឡូ និងការងារស្តារប្រឡាយ ៤ខ្សែ ប្រវែង ៦,៦២៣ម៉ែត្រ។
នាព្រឹកថ្ងៃដដែរ លោក ម៉ឹង យូឡេង ក៏បានបន្ដដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យប្រឡាយលូ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋផងដែរ៕