(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៤ ដែលមានប្រវែង៦១គីឡូម៉ែត្រ តភ្ជាប់ពីទីប្រជុំជនស្រុកឆែប ខេត្តព្រះវិហារ ទៅឃុំកំពង់ស្រឡៅ១ ជាប់ព្រំដែនកម្ពុជា-ឡាវ ត្រូវបានធ្វើការជួសជុល ឡើងវិញហើយ ក្រោយរងការខូចខាតដោយសារទឹកភ្លៀងធ្លាក់ជាប់ៗគ្នា នៅក្នុងរដូវវស្សានេះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះថា ផ្លូវជាតិលេខ៩៤នេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់បំរើឲ្យវិស័យទេចរណ៍ ដែលភ្ញៀវទេចរណ៍ជាតិ-អន្តរជាតិ តែងឆ្លងកាត់ដើម្បីទៅទស្សនាព្រំដែនកម្ពុជា-ឡាវ ក៏ដូចជាទៅទស្សនាតំបន់ទឹកធ្លាក់ព្រះនិម្មិតផងដែរ ហើយផ្លូវនេះក៏មានសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដឹកផលដំណាំផ្សេងៗ យកទៅលក់នៅទីផ្សារក្នុងទីប្រជុំជនខេត្តព្រះវិហារ និងព្រំដែនឡាវផងដែរ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ថា «ផ្លូវជាតិលេខ៩៤នេះ ត្រូវបានក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលឡើងវិញកាលពីថ្ងៃម្សិលមិញនេះ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ពោលធ្វើការជួសជុលដោយចាក់ដី កៀសម្រួល និងកិនបង្ហាប់កន្លែងដែលខូចខាតដោយទឹកភ្លៀងដក់ខ្លាំង ធ្វើយ៉ាងណាមិនឲ្យផ្លូវនេះក្លាយជាផ្លូវសំបុកមាន់ទៅជាផ្លូវថ្លុក ជាផ្លូវអូរនោះទេ»។
លោកប្រធានមន្ទីរបានបន្តថា ជាទូទៅសកម្មភាពថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើជាប្រចាំដោយមិនគិតពីរដូវប្រាំងនិងរដូវវស្សានោះទេ បានន័យថា ខូចខាតកន្លែងណា គឺយើងធ្វើកន្លែងនោះភ្លាម។ លោកបានលើកជាឧទាហរណ៍ថា ពេលនេះជារដូវវស្សាទឹកភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យផ្លូវយើងខ្លះដក់ទឹក ប៉ុន្តបើយើងមិនធ្វើនៅពេលនេះ រង់ចាំដល់រដូវប្រាំង នោះកន្លែងដែលដក់ទឹកនេះ និងក្លាយជាអូរមិនខាន ហើយប្រជាពលរដ្ឋក៏ពិបាកធ្វើដំណើរ ការជួសជុលឡើងវិញក៍ត្រូវចំណាយថវិការច្រើនដែរ។
ជាមួយគ្នានោះដែរលោក សំ លាងទ្រី បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាផ្លូវនេះប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវដឹកលើសទម្ងន់ និងមិនត្រូវចាក់ដីមុខផ្ទះឲ្យខ្ពស់ជាងផ្លូវ ដែលធ្វើឲ្យទឹកដក់ឆាប់ខូចផ្លូវនោះទេ ពិសេសជាងនេះ គឺត្រូវចូលរួមគោរពច្បាប់ចរាចេណ៍ឲ្យបានគ្រប់ៗគ្នា រាល់ពេលធ្វើដំណើរទៅកាន់ទីជិតក្តីឆ្ងាយក្តី៕