(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បាន ណែនាំដល់អាជ្ញាធរថ្នាក់ស្រុក ឃុំ-សង្កាត់ទាំងអស់ នៅខេត្តស្វាយរៀង ត្រូវខិតខំផ្តល់សេវាជូនពលរដ្ឋ ឲ្យបានល្អប្រសើរទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសនោះ គឺសេវាតម្រូវការត្រូវធ្វើឲ្យបានលឿន និងមានតម្លាភាពត្រឹមត្រូវ។

លោក រស់ ផារិទ្ធ តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងយ៉ាងដូចច្នោះ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបាន អញ្ជើញជាអធិបតី បិទវគ្គបណ្ដុះបណ្ដាល រំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិ កំណើតអាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ។

ពិធីនេះ ក៏មាន ការចូលរួមពីលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីលោក លោកស្រី មន្ត្រីទទួលបន្ទុកការងារ អត្រានុកូលដ្ឋាន សរុបចំនួន ១៦៩នាក់។

លោក រស់ ផារិទ្ធ បានថ្លែងផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញឲ្យបានល្អ និងអនុវត្តកិច្ចការងារសំខាន់ៗចំនួន៦ចំណុច ពេលត្រឡប់ទៅបំពេញការងារវិញ៖

១៖ បន្ទាបពីទទួលបានចំណេះដឹងអត្រានុកូលដ្ឋាននេះ លោក លោកស្រី ជាអភិបាលរងក្រុង ស្រុក មន្ត្រី រក្សាសៀវភៅ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមបែបបទដ្ឋាននីតិវិធីអត្រានុកូលដ្ឋានដូចជា ត្រូវចុះហត្ថលេខា លើសៀវភៅអត្រានុកូលដ្ឋានជាមុន មុននឹងបញ្ចូលឲ្យឃុំ សង្កាត់ប្រើប្រាស់ ត្រូវទុកដាក់សៀវភៅ អត្រានុកូលដ្ឋានដែលប្រើប្រាស់រួច ឲ្យបានល្អតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

២៖ ត្រូវយកចិត្តទុកដាក់ ចំពោះការងារអត្រានុកូលដ្ឋានដោយតាស់តឿនដល់ឃុំ សង្កាត់តាមរយៈការប្រជុំប្រចាំខែ ឬចុះគាំទ្រដល់ឃុំ សង្កាត់ផ្តល់សំបុត្រអត្រានុកូលដ្ឋានតាមតម្រូវការ។

៣៖ ចំពោះលោក លោកស្រីជាមេឃុំ ចៅសង្កាត់ សូមយកចំណេះដឹងទាំងនេះ ទៅអនុវត្តការចុះបញ្ចីអត្រានកូលដ្ឋាន ឲ្យបានត្រឹមត្រូវតាមនីតិវិធី និងគោលការណែនាំ។

៤៖ មុននិងចុះហត្ថលេខា និងបោះត្រាលើបញ្ជីអត្រានុកូលដ្ឋាន ត្រូវបំពេញទិន្នន័យឲ្យបានគ្រប់គ្រាន់នូវ ថ្ងៃ ខែ ឆ្នាំកំណើតជាអក្សរឡាតាំង។

៥៖ ត្រូវបញ្ជូនសៀវភៅអត្រានុកូលដ្ឋាន ដែលប្រើប្រាស់រួចទៅក្រុង ស្រុកនៅដើមខែមករានៃឆ្នាំបន្ទាប់។

៦៖ មិនត្រូវប្រព្រឹត្តទង្វើណា ដែលបញ្ញត្តិអត្រានុកូលដ្ឋានហាមឃាត់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានចំនួន៤ថ្ងៃ ចែកចេញជា ២វគ្គ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វគ្គទី១មាន ក្រុងស្វាយរៀង ស្រុករមាសហែក ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា និងវគ្គទី២ មាន៖ ស្រុកស្វាយជ្រំ ស្រុកស្វាយទាប ស្រុករំដួល និងក្រុងបាវិត៕