(ព្រះសីហនុ)៖ កោះខ្មែរដ៏តូចច្រឡឹងមួយស្ថិតនៅក្រុងព្រះសីហនុ ត្រូវបានក្រុមហ៊ុនខ្មែរ ក្នុងស្រុកចាប់ផ្តើមអភិវឌ្ឍហើយ ក្នុងគោលបំណងដើម្បីប្រែក្លាយកោះមួយនេះឲ្យទៅជាសណ្ឋាគារផ្កាយប្រាំ មជ្ឍមណ្ឌលកំសាន្ត និងការសំរាកលំហែរកាយសម្រាប់ពលរដ្ឋខ្មែរ ដែលចង់ប្តូរបរិកាសថ្មីដែលហ៊ុព័ទ្ធទៅដោយលំហរទឹកសមុទ្រ។
អ្នកសារព័ត៌មានមួយក្រុមមកពីច្រើនស្ថាប័ន បានធ្វើដំណើរទៅកាន់កោះប្រើស កាលពីថ្ងៃសុក្រ ដើម្បីស្វែងយល់ពីសកម្មភាពសាងសង់នៅលើកោះតូចមួយនេះ ដែលមានចំងាយមិនដល់ ៣គីឡូម៉ែត្រ ពីឆ្នេរអូត្រេស ក្រុងព្រះសីហនុ។ កោះនេះកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនខ្មែរ Angela Real Estate Co., Ltd ហើយរំពឹងថា នឹងរួចរាល់ដំណាក់កាលទីមួយនៅឆ្នាំក្រោយ។
លោក ហេង ធូ អ្នកគ្រប់គ្រងការដ្ឋានសាងសង់របស់ក្រុមហ៊ុន បាននិយាយថា គម្រោងអភិវឌ្ឍកោះទាំងមូល នឹងត្រូវចំណាយថវិកា ៣០លានដុល្លារ ដោយតំណាក់កាលដំបូងបានសាងសង់ សណ្ឋាគារលំដាប់ផ្កាយប្រាំចំនួន ៣០បន្ទប់ (រួចរាល់៣០%ហើយ) ហើយដំណាក់កាលទី២ នឹងសាងសង់វីឡាទោល (បែបបឹងហ្គាឡូ) ស្តង់ដារអន្តរជាតិ និងដំណាក់កាលទី៣ នឹងសាងសង់ក្លឹបហោស ភោជនីយដ្ឋាន កន្លែងជិះកង់ និងកន្លែងដើរកំសាន្តក្នុងព្រៃនៅលើកោះ ដែលក្រុមហ៊ុនបានគិតគូរយ៉ាងល្អិតល្អន់ ធ្វើយ៉ាងណាដើម្បីរក្សាព្រៃឈើធម្មជាតិ លើកោះឲ្យបានល្អដើម្បីជាការទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ជាពិសេសសម្រាប់អ្នកដែលស្រលាញ់បរិស្ថាន និងធម្មជាតិពិតៗ។
លោក ធូ បានបន្តថា កោះទាំងមូលមានទំហ៊ុ ៥៨ហិកតា ប៉ុន្តែក្រុមហ៊ុនត្រូវគោរពតាមនិយាមការនិងច្បាប់ទាំងអស់របស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យទុកឆ្នេរឲ្យបានស្អាត ដូច្នេះផ្ទៃក្រឡារួមដែលត្រូវអភិវឌ្ឍនៅត្រឹម ៤៧ហិកតាប៉ុណ្ណោះ ហើយត្រូវរក្សាទុកខ្លះទៀតដើម្បីធានាឲ្យមានបរិស្ថានព័ទ្ធជុំវិញដោយធម្មជាតិដើម។
ការអភិវឌ្ឍកោះប្រើសដោយក្រុមហ៊ុនខ្មែរគឺជាសញ្ញាមួយដ៏ល្អ ដែលជួយធានាដល់ការអភិរក្សអត្តសញ្ញាណជាតិ ជាក់ស្តែងនៅខាងមុខផ្លូវចូលពីផែមានការកសាងសត្វប្រើសមួយដ៏ធំដើម្បី ជាអត្តសញ្ញាណសំគាល់ឈ្មោះកោះនេះតែម្តង។
កោះប្រើស ជាឈ្មោះកោះដែលបានចុះក្នុងបញ្ជីផ្លូវការរបស់រាជរដ្ឋាភិបាល តែប្រវត្តិដើមចាស់ៗ តែងដំណាលថា កោះនេះតែងមានពន្លឺ្លឆ្លុងៗនៅពេលរាត្រីបើទោះបីជាគ្មានមនុស្សរស់នៅក៏ដោយ ហេតុដូច្នេះហើយគេក៏ដាក់ឈ្មោះថា «កោះចន្លុះៗ» រត់មាត់តរៀងមក។
កោះប្រើស ឬកោះចន្លុះៗមានសក្តានុពលទេសចរខ្ពស់ទាំងគម្រោងសាងសង់ស្ថាបត្យកម្មខ្មែរ ទាំងអំណោយផលធម្មជាតិដូចជា ឆ្នេរខ្សាច់ពណ៌លឿងលាយពណ៌មាស មានឆ្នេរថ្មប៉ប្រះទឹក ផ្កាថ្ម ដើមកោងកាងដែលកម្រមាននៅលើកោះកណ្តាលផ្ទៃសមុទ្រ ទឹកសាបធម្មជាតិហូរចេញពីកំពូលភ្នំកោះ និងសត្វកងកេងជាដើម។
បន្ទាប់ពីសាងសង់រួចរាល់ កោះមួយនេះនឹងក្លាយជាមជ្ឍមណ្ឌលទេសចរមួយទៀតដែលនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីអ្នកទេសចរពិភពលោក ដើម្បីមកសម្រាកកំសាន្តនៅកម្ពុជា ពេលនោះហើយដែលជាប្រភពចំណូលបន្ថែមរបស់ពលរដ្ឋខ្មែរនិងរាជរដ្ឋាភិបាល។
កម្ពុជាមានកោះសរុបចំនួន៦២ ដោយឡែកនៅខេត្តព្រះសីហនុមានកោះចំនួន ៣២ ក្នុងនោះមានកោះប្រះហែលជាង ១០កំពុងត្រូវបានអភិវឌ្ឍ៕