(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក រួមសាខាកាកបាទក្រហមខេត្តកោះកុង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩ បានដឹកនាំសមាជិក-សមាជិកា យុវជន (ក១២) យុវជន ស.ស.យ.ក ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានលំដ្ឋានដាច់ស្រយាល ពីទីរួមខេត្ត ហើយធ្លាប់ទទួលរងគ្រោះដោយសារទឹកជំនន់ ដែលហូរពីជ្រឡងភ្នំចំនួន៦០គ្រួសារ ស្ថិតនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អំណោយរបស់អនុសាខាកាកបាទក្រហម ស្រុកមណ្ឌលសីមា រួមមាន៖ អង្ករ២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់១ឈុត ម៉ុង១ និងថវិការបស់សាខាកាកបាទក្រហមខេត្ត១គ្រួសារ ចំនួន៥០,០០០(ប្រាំម៉ឺនរៀល) ហើយលោក ហាក់ ឡេង ផ្តល់ថវិកាផ្ទាល់ខ្លួន ជូនចាស់ក្មេង៣៥នាក់បន្ថែម ក្នុងម្នាក់ៗទទួលបានចំនួន២ម៉ឺនរៀលផងដែរ។
លោក ហាក់ ឡេង បានថ្លែងថា ថ្ងៃនេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា មានសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងបានពាំនាំអំណោយអនុសាខាកាកបាទក្រហមស្រុក ចែកជូនពលរដ្ឋដែលរស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាតំបន់ដាច់ស្រយាល ដែលធ្លាប់រងគ្រោះទឹកជំនន់លិចលំនៅដ្ឋានរបស់ពួកគាត់។
លោកបានបន្តថា ប្រជាពលរដ្ឋដែលរស់តំបន់ដាច់ស្រយាលចំនួន៦០គ្រួសារ ដែលពួកគាត់រស់នៅតាមដងព្រែកកោះប៉ោរ ដែលអាស្រ័យផល ទៅលើកការធ្វើនេសាទ និងកសិកម្មបន្តិចបន្តួច។ ហើយថ្ងៃនេះ អាជ្ញាធរស្រុក បានចុះសួរសុខទុក្ខ និងបានពាំនាំនូវអំណោយ របស់អនុសាខាកាកបាទក្រហមសុ្រក ចុះចែកជូនបងប្អូនដល់លំនៅដ្ឋានអំណោយទាំងនេះ វាតិចតួចមែនតែវាអាចជួយដោយស្រាយ ក្នុងជីវភាពក្នុងគ្រួសារ បងប្អូនបានធូរមួយកម្រិត។
លោកបានបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ដែលមានលោកស្រីកិតិ្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា លោកស្រីតែងយកចិត្តទុក្ខដាក់ ជាប់ជានិច្ចចំពោះប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការ នយោបាយបក្សណាមួយឡើយកាកបាទក្រហមកម្ពុជា តែងចុះជួយជាប់ជានិច្ច ឲ្យតែប្រជាពលរដ្ឋជួបឧបហេតុ នៃគ្រោះធម្មជាតិណាមួយ មិនថាទីជិតឬទីឆ្ងាយណាមួយឡើយ ក្រុមការងារចុះដល់ទីនោះភ្លាមៗ ដោយមិនគិតពីភាពនឿយហត់ឡើយ។
លោក លី សារ៉េត អនុប្រធានសាខាកាកបាទក្រហមខេត្ត បានមានមតិផ្តាំផ្ញើថា សូមឲ្យបងប្អូនដែលរស់នៅតំបន់ជើងភ្នំនេះ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាសុខភាពចំពោះក្មេងៗ កុំឲ្យចុះលេងទឹកតាមដងព្រែក ព្រោះរដូវនេះជារដូវវស្សា ដែលមានសម្ពាធអាកាសធាតុទាបមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ជាប់ជានិច្ច៕