(កណា្ដល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួន ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនប្រមាណជិត៦០០នាក់ នៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ដោយកម្មវិធីនេះមានការចូលរួមសហការគាំទ្រពីលោកស្រី វ៉ាន់ លុយ រួមទាំងសហការី និងផ្នែកពាក់ព័ន្ធដទៃទៀត ។
ក្នុងឱកាសនោះ លោកស្រីកិត្ដិសង្គហបណ្ឌិត បានសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមគ្រប់ភូមិឃុំទូទាំងស្រុកលើកដែក ដើម្បីដឹងច្បាស់ពីបញ្ហាសុខភាពរបស់ពួកគាត់។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា ការដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលការលំបាក ក្នុងការធ្វើដំណើរឆ្ងាយ ក្នុងការពិនិត្យព្យាបាល មិនចំណាយថវិកា ជាពិសេសលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋយើង ដែលកត្ដាមួយដ៏សំខាន់បំផុត ដែលចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកសុខភាព ប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋានផ្ទាល់ដោយមិនប្រកាន់សាសនា និន្នាការនយោបាយ។
ជាងនេះទៅទៀត បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ជាការពិតណាស់ សកម្មភាពមនុស្សធម៌នេះកើតមានឡើង ក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វីរៈថ្នាក់ដឹកនាំរបស់យើង ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចដឹកនាំប្រទេសជាតិចេញពីផេះផង់នៃរបបមហន្ធការ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ ។
សូមជម្រាបថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះ រួមមាន៖ ជំងឺទូទៅ ជំងឺផ្នែកកុមារ ជំងឺរោគស្ត្រី ភ្នែក និងជំងឺផ្សេងៗទៀត។ ករណីជំងឺធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងសេចក្ដីរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលបានការយកចិត្ដទុក្ខដាក់ខ្ពស់ សម្រាប់សុខភាពរបស់ពលរដ្ឋ ទោះក្នុងកាលៈទេសៈក៏ដោយ គឺតែងតែជួយសង្គ្រោះប្រជាជន៕