(ព្រៃវែង)៖ ក្នុងដំណើរបំពេញបេសកកម្ម ចុះពិនិត្យការងារបង្កបង្កើនផល របស់ប្រជាកសិករ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យម្ចាស់រោងចក្រកិនស្រូវដ៏ធំមួយ នៅខេត្តព្រៃវែង ប្រមូលទិញស្រូវស្តុកទុក នៅរដូវប្រមូលផលខាងមុខ ចៀសវាងស្រូវហូរចេញក្រៅប្រទេស ដែលធ្វើឲ្យខាតប្រយោជន៍ច្រើន។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ដ្រី វេង សាខុន និងលោកអភិបាលខេត្ត អញ្ជើញមកពិនិត្យដំណាំស្រូវ របស់ប្រជាកសិករនៅភូមិគក ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលកសិករនៅតំបន់នេះ ភាគច្រើនប្រើពូជ ស្រូវផ្ការំដួល។
ម្ចាស់ស្រែគ្រប់ៗគ្នា បានលាន់មាត់សរសើរ ពីការរីកចម្រើន លើវិស័យកសិកម្ម ជាក់ស្តែងបច្ចុប្បន្ននេះ ពួកគាត់ឈប់ប្រើសត្វពាហនៈ ជាកម្លាំងអូសទាញ មកប្រើគ្រឿងចក្រវិញ ហើយយកគោក្របីទាំងនោះ ទៅចិញ្ចឹមបំបង់យកសាច់វិញ ដែលទីផ្សារត្រូវការខ្ពស់ទាំងទីផ្សារក្នុង និងក្រៅស្រុក។ ចេញពីវាលស្រែ លោករដ្ឋមន្ត្រី បានមកពិនិត្យរោងចក្រកិនស្រូវឈុនធំ នៅមិនឆ្ងាយពីតំបន់ផលិតស្រូវ។
លោកឧកញ៉ា ឈុន ធំ ម្ចាស់រោងចក្រ បានជម្រាបជូនលោកជ្រាបថា រោងចក្រមាន លទ្ធភាពប្រមូលទិញស្រូវសំណីបានជាង៣ម៉ឺនតោន ក្នុង១ឆ្នាំ ពីកសិករ និងពី១៦សហគមន៍ ដែលបានចុះកិច្ចសន្យាផលិតទាំងស្រូវ ចំណីសែនក្រអូប និងស្រូវពូជ ដោយទិញក្នុងតម្លៃ ១,២០០រៀល ក្នុង១គីឡូក្រាម។ បច្ចុប្បន្នក្រុមហ៊ុន បានទទួលគោលការណ៍នាំចេញទៅទីផ្សារចិន និងទីផ្សារអឺរ៉ុបមួយចំនួនទៀត។
នាឱកាសនេះ លោកឧកញ៉ា តាមរយៈលោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានស្នើសុំឲ្យក្រសួងថាមពល ពិនិត្យពិចារណាលើតម្លៃអគ្គិសនី ព្រោះវាជាធាតុចូលយ៉ាងសំខាន់ ក្នុងវិស័យកែច្នៃស្រូវអង្ករ ដែលអាចជួយកាត់បន្ថយថ្លៃដើម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យលោកឧកញ៉ាបង្កើនទុក សម្រាប់ប្រមូលទិញស្រូវស្តុកទុក នៅរដូវប្រមូលផលខាងមុខ ចៀសវាងស្រូវហូរចេញក្រៅប្រទេស ច្រើនដែលធ្វើឲ្យយើងខាតប្រយោជន៍ច្រើន ជាពិសេសអាចជួយដល់កសិករ ក្នុងការរក្សាតម្លៃស្រូវបានល្អផងដែរ។
នាព្រឹកថ្ងៃដដែលនេះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន និងលោកអភិបាលខេត្ត បានធ្វើដំណើរមកស្រុកស្វាយអន្ទរ ឃុំជាខ្លាំង ភូមិធ្នង់ ដើម្បីពិនិត្យដំណាំអំពៅ ដែលកសិករបានដាំជាលក្ខណៈគ្រួសារ។
បងស្រីម្ចាស់ចំការ បានឲ្យដឹងថា ដំណាំអំពៅស្កមានសក្តានុពលទីផ្សារល្អ ១ហិកតា អាចលក់បាន ២៥- ៣០លានរៀល (ទៅតាមចំនួនដើមក្នុងគុម្ភ) ទូទាត់ថ្លៃដើមរួចអាចទទួលបាន៣ ទៅ៣.៥ ពាន់ដុល្លារ ក្នុងមួយហិកតា បើបូកចំណូលពីដំណាំស្រូវ និងបន្លែរួមផ្សំផង ក្នុង១ឆ្នាំគាត់អាចរកចំណូលបានជាង ១ម៉ឺនដុល្លារ។
អំពៅដាំបាន ២ដង ក្នុង១ឆ្នាំ ប៉ុន្តែកសិករខ្លះ ក្រោយពីប្រមូលផលអំពៅរួចគាត់ដាំ ស្រូវដើម្បីកែលម្អគុណភាពដីឡើងវិញ ហើយខ្លះក៏យកដីនេះ ទៅដាំដំណាំផ្សេងវិញ ដែលទីផ្សារត្រូវការដូចជាជីនាងវង ភ្លៅកង្កែប ម្អម ត្រកូន។ល។
បន្លែទាំងអស់នេះហើយ គឺជាប្រភពចំណូលប្រចាំថ្ងៃរបស់គ្រួសារកសិករនៅជនបទ ហើយប្រាកដណាស់ចំណូលទាំងអស់នេះ គឺបានជួយកែលម្អជីវភាពពួកគាត់ឲ្យបានល្អប្រសើរ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដង ផ្លូវជាតិ ផ្ទះប្រក់ក្បឿងសង់ឡើងព្រោងព្រាតនៅទូទាំងស្រុកស្វាយអន្ទរ។ មុខមាត់ថ្មីរីកនៅលើទឹកដីចាស់ បានធ្វើឲ្យប្រជាពលរដ្ឋយើងសាទរនូវអ្វីដែលពួកគាត់កំពុងមាន ក្នុងដៃគឺសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
នាឱកាសនេះ លោករដ្ឋមន្រ្តី ជាមួយលោកអភិបាលខេត្ត បានចូលរួមអបអរសាទរ នូវសមិទ្ធផលដែលប្រជាពលរដ្ឋ សម្រេចបាននាពេលនេះ ព្រោះវាបានជួយឲ្យសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយក៏បានលើកទឹកចិត្ត ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឲ្យការងារបង្កបង្កើនផលទាំងដំណាំ និងចិញ្ចឹមសត្វមានការវិវឌ្ឍន៍ឈានទៅសម្រេច ឲ្យបាននូវផែនការអផិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល៕